រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ដើម្បីគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ
កំពត៖អាជ្ញាធរខេត្តកំពតរួមជាមួយក្រុមបាល់ទាត់តារាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនៅដើមខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ នឹងធ្វើឡើងនៅខេត្តដែលគម្រោងព្រែកជីហ្វូណនតេជោ ឆ្លងកាត់ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជាលោក ឈិន ឈឿន គ្រូបង្វឹកក្រុមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
តាមកម្មវិធីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងបរិវេណកីឡដ្ឋានខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ ហើយខេត្តមានស្រុកចំនួន៣ដែលគម្រោងព្រែកជីកដ៏មានសារៈសំខាន់នេះឆ្លងកាត់ គឺមានស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋនៅទូទាំងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៥ ខែសីហា ខាងមុខ។
តាមការឱ្យដឹងពីលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក គី សុផល បន្តថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្ត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ ធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជាកីឡាក៏មួយរូបចូលរួមប្រកួតផងដែរ៕
ដោយ៖ សិលា សារិន