រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាសប្តាហ៍នេះ (Video Inside)

រដ្ឋមន្ត្រីការបរទេសថៃ គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ដំណើររបស់លោក ម៉ារីស សាងៀម ផុងសា គ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមិថុនា ដោយលោកនឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីកម្ពុជាលោក សុខ ចិន្តាសោភា លើកិច្ចពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤នោះមក។ ភាគីទាំងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួមគ្នា។

ក្នុងដំណើរទស្សនកិច្ចនោះ, រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីការបរទេសថៃរូបនោះ នឹងជួបតំណាងសហគមន៍ធុរកិច្ចថៃ ក្នុងប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារថៃផ្សេងៗទៀត ដែលកំពុងបំពេញកិច្ចការងាររបស់ពួកគេ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ads banner