សមាគមជប៉ុន-កម្ពុជា ទស្សនកិច្ចស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)
ភ្នំពេញ៖ ក្រុមសមាគមជប៉ុន-កម្ពុជា និងទូរទស្សន៍មួយឈ្មោះ TBS របស់ជប៉ុន បានអញ្ជើញមកទស្សនកិច្ចស្ថានីយវិទ្យុ ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)ដើម្បីធ្វើការស្វែងយល់ និងក៏ដូចជារួមកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ។
លោក កាតូ កាហ្សូណូរី( KATO Kazunori ) អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជាដែលដឹកនាំក្រុមការងារទស្សនកិច្ចស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានកោតសរសើរពីភាពរីកចម្រើន និងពិសេសការផ្សព្វផ្សាយបណ្តាញសារព័ត៌មានសម័យទំនើបនៅកម្ពុជា ប្រកបដោយសក្តានុពល។ដោយក្នុងនេះមានការផ្សាយជាច្រើនដូចជាលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channelsជាដើម ។
លោក កាតូកាហ្សូណូរី បានលើកឡើងពីបំណងសមាគម ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយកម្ពុជា មិនថាបណ្តាញសារព័ត៌មានរបស់រដ្ឋ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ។
លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន បានប្រាប់ដល់ សមាគមជប៉ុន-កម្ពុជាថា ស្ថានីយ វិទ្យុ ទូរទស្សន៍អប្សរា បានផលិតមាតិកាព័ត៌មានជាច្រើនលើការផ្សព្វផ្សាយក្នុងនេះដូចជាបានផ្តោតសំខាន់ទៅលើព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយ ។
លោក អគ្គនាយក បន្តថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ការផ្សាយលើបណ្តាញសង្គម ដែលកំពុងធ្វើឲ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ។ ជាងនេះទៅទៀតក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍មាតិកាផ្សាយជាបន្តបន្ទាប់ តាមសភាពការណ៍ តម្រូវការអ្នកស្តាប់ និងអ្នកទស្សនា ។
គួរបញ្ជាក់ថា រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងយ៉ាងរឹងមាំលើប្រព័ន្ធផ្សព្វផ្សាយដែលជាការ រួមចំណែក ផ្សព្វផ្សាយ មាតិកាព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយដល់សំណាក់ប្រជាពលរដ្ឋកម្ពុជា ។
សូមរំលឹកដែរថា សមាគមជប៉ុន-កម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពី ឆ្នាំ១៩៦៣ មក ។ សមាគមនេះបានបង្ហាញពីការទំនាក់ទំនងល្អជាបន្តបន្ទាប់ និងអស់ជាច្រើនឆ្នាំជាមួយកម្ពុជា ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសមាគមជប៉ុន-កម្ពុជាក៏បានបង្ហាញពីការវិនិយោគកើនឡើងនៃសហគ្រាសធុនតូច និងមធ្យមរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលក្នុងនេះជាការរួមចំណែកទាក់ទាញមួយរបស់សមាគមរបស់ខ្លួនផងដែរ ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ