លោក Zelensky បណ្តេញមេទ័ពកំពូល អ៊ុយក្រែន

គៀវ៖ អំឡុងការថ្លែងសុន្ទរកថាប្រចាំថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា លោកបានសម្រេចបណ្តេញ មេដឹកនាំយោធាកំពូល ឧត្តមសេនីយ៍ឯក Yuriy Sodol ចេញពីតំណែង ក្រោយពេលរកឃើញថា អសមត្ថភាព។

លោក Zelensky បានអះអាង កាលពីថ្ងៃចន្ទថា លោកកំពុងត្រៀមឲ្យ ឧត្តមសេនីយ៍ទោ Andriy Gnatov ជំនួសតំណែងមន្ត្រីយោធាជាន់ខ្ពស់ រូបនេះ។ មុនពេលបណ្តេញចេញ លោក Yuriy Sodol បានដឹកនាំកងទ័ព នៅភាគខាងកើត។

យ៉ាងណាមិញ លោក Zelensky មិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផល សម្រាប់ការបណ្តេញចេញនោះទេ ប៉ុន្តែការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការរិះគន់ពីមេបញ្ជាការកងពលតូច Azov។ មុនពេលមានការបណ្តេញចេញមួយថ្ងៃ មេបញ្ជាការកងពលតូច Azov លោក Bogdan Krotevych បានដាក់ពាក្យបណ្តឹងទៅសេវាសន្តិសុខ SBU ដោយអំពាវនាវឱ្យមានការស៊ើបអង្កេត លើរូបលោក Sodol ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Krotevych មានការចោទប្រកាន់ លោក Sodol ថា អសមត្ថភាព ហើយត្រូវបានស្តីបន្ទោសចំពោះការស្លាប់ទាហានអ៊ុយក្រែន នៅជួរមុខ។

ការផ្លាស់ប្តូរនេះបានកើតឡើង ក្នុងពេលដែលទីក្រុង Kyiv បាននិងកំពុងតស៊ូទប់ទល់នឹងកងកម្លាំងរបស់ទីក្រុងម៉ូស្គូ នៅភាគខាងកើត អស់រយៈពេលជាច្រើនខែ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយ ប្រមាណ ២ឆ្នាំកន្លះមកហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner