កម្ទេចយានអវកាស ធ្លាក់ចំផ្ទះ អ្នកស្រុកប្តឹងទារប្រាក់សំណង

នាពេលថ្មីៗនេះថា គ្រួសារមួយនៅអាមេរិក បានទាមទារសំណង ជាង៨ម៉ឺនដុល្លារ ពីអង្គការយានអវកាសអាមេរិក NASA បន្ទាប់ពីកម្ទេចកម្ទីយានតូចមួយ បានធ្លាក់ចំពីលើដំបូលផ្ទះ របស់គ្រួសារមួយនោះ ដែលមានទីតាំង ស្ថិតនៅរដ្ឋ Florida ។ នេះបើយោងតាម ក្រុមហ៊ុនច្បាប់ Cranfill Sumner មានមូលដ្ឋាននៅរដ្ឋ North Carolina។

កាលពីថ្ងៃទី៨ ខែមីនា វត្ថុដែលមានទម្ងន់៧០០ក្រាម បានធ្លាក់មកបុកចំផ្ទះ របស់លោក Alejandro Otero ស្ថិតនៅទីក្រុង Naples ធ្វើឱ្យមានប្រហោង ដំបូលផ្ទះ។ ក្រោយមក NASA បានបញ្ជាក់ថា វាគឺជាផ្នែក នៃធុងផ្ទុកថ្ម ដែលប្រើរួច ដែលត្រូវបានបញ្ចេញ ចេញពីស្ថានីយអវកាសអន្តរជាតិ ឬ ហៅថា ជាកាកសំណល់។

ក្រុមហ៊ុនច្បាប់ Cranfill Sumner បានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា កូនប្រុសម្នាក់ របស់លោក Otero បាននៅក្នុងហេតុការណ៍នោះ ប៉ុន្តែមិនមានរបួសនោះទេ។ យ៉ាងណាមិញ គេបានប្រឈមនឹងការការបាត់បង់ជីវិត ក្នុងហេតុការណ៍បែបនេះ។ NASA មានពេលប្រាំមួយខែ ដើម្បីឆ្លើយតបទៅនឹងការទាមទារសំណងនេះ។

ក្រុមហ៊ុនបានអះអាងថា ការទាមទារសំណងនេះ បានធ្វើឡើង ស្របពេលបញ្ហាសំរាមក្នុងលំហអាកាសកំពុងកើនឡើង ជាមួយនឹងកំណើននៃចរាចរណ៍លើអវកាស ហើយការឆ្លើយតបរបស់ NASA ចំពោះរឿងនេះ អាចកំណត់ជា គំរូនៃរបៀបដោះស្រាយ នាពេលអនាគត នៅពេលកើតមានរឿងអាក្រក់ បែបនេះ លើកក្រោយទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner