វៀតណាមខ្វះយន្តហោះដឹកអ្នកដំណើរ រហូតដល់ចុងឆ្នាំ២០២៥

ផ្អែកតាមការចេញផ្សាយរបស់កាសែត VNexpress នាយកប្រតិបត្តិនៃក្រុមហ៊ុនរដ្ឋវៀតណាម Vietnam Airlines លោក Le Hong Ha បាននិយាយថា វៀតណាមនឹងខ្វះយន្តហោះដឹកភ្ញៀវពេញមួយឆ្នាំ ២០២៤ នេះ និងបន្តដល់ឆ្នាំក្រោយទៀត ដោយសារយន្តហោះខូចម៉ាស៊ីន។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃសុក្រ លោក Le Hong Ha បាននិយាយថា
ម៉ាស៊ីនយន្តហោះប្រហែល ៣៥០០គ្រឿង ត្រូវបានប្រមូលជួសជុល នៅទូទាំងពិភពលោក ហើយ១គ្រឿងៗ ត្រូវចំណាយពេល ពី៩០ ទៅ ៣០០ថ្ងៃ ដើម្បីជួសជុល ជាមធ្យម។ ម៉ាស៊ីនមួយចំនួន នៅក្នុងយន្តហោះធំៗ ដូចជា Airbus A350 និង Boeing B787 ក៏រងការខូចខាតដែរ។

ចំណែក ការបញ្ជាទិញយន្តហោះ ថ្មីៗ ពីក្រុមហ៊ុន Airbus និង Boeing ត្រូវចាំរហូតដល់ឆ្នាំ២០៣០ ឬ ២០៣១។ ការណ៍នេះ ធ្វើឲ្យក្រុមហ៊ុន Vietnam Airlines នឹងលុបចោលផែនការលក់យន្តហោះ Airbus A321neo ចំនួន៦គ្រឿង ដែលខ្លួនបានយល់ព្រម កាលពីឆ្នាំមុន។

Vietnam Airlines បានឲ្យដឹងទៀតថា ការខ្វះខាតយន្តហោះនេះ ក៏បានបណ្តាឲ្យថ្លៃសំបុត្រយន្តហោះក្នុងស្រុក កើនឡើងពី ១៥ ទៅ ១៧% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner