ថៃបង្ហើបគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី ចំនួន៣ខ្សែ តម្លៃជាង ៤ពាន់លានដុល្លារ

កាសែតថៃ The Nation បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរផ្លូវដែករដ្ឋ នៃប្រទេសថៃ ហៅកាត់ SRT បានបង្ហាញឱ្យដឹងថា ផ្លូវរថភ្លើង Double-Track ឬ ប្រព័ន្ធរថភ្លើងពីរខ្សែស្របគ្នា តែរត់ក្នុងទិសដៅផ្ទុយគ្នា ចំនួនបីខ្សែ ត្រូវបានអនុម័ត សម្រាប់ការសាងសង់ ជាមួយនឹងការវិនិយោគ ជាង៤.៤ពាន់លានដុល្លារអាមេរិក។

ផ្លូវរថភ្លើងប្រវែងសរុប ៦៧៨គីឡូម៉ែត្រនេះ គឺជាផ្នែក នៃគម្រោងផ្លូវដែក Double-Track ចំនួន៧ ខ្សែដែលគ្រោងចំណាយ សរុប ជាង ៧.៣ពាន់លានដុល្លារអាមេរិក នេះបើតាមប្រភពដដែល។

The Nation បន្តថា ផ្លូវរថភ្លើង Double-Track ទាំងនេះ រួមមាន ពីចំណុចខេត្ត Chumporn ដល់ ខេត្ត Surat Thani ប្រវែង ជាង១៦៨គីឡូម៉ែត្រ, ចំណុចពីខេត្ត Surat Thani ទៅកាន់ខេត្ត Songkhla ប្រវែង៣២១គីឡូម៉ែត្រ និងចំណុចពីស្រុក Den Chai ខេត្ត Phrae ទៅខេត្ត Chiang Mai ប្រវែង១៨៩គីឡូម៉ែត្រ។

បន្ទាប់ពីការអនុម័តរួច ក្រុមប្រឹក្សាភិបាលរបស់ SRT បាននិយាយថា គម្រោងនេះ កំពុងស្ថិតក្នុងដំណើរការបញ្ជូនរបាយការណ៍ ទៅក្រសួងដឹកជញ្ជូន អាចនៅចុងខែមិថុនា មុនពេលស្វែងរកមតិកែលម្អ ពីភ្នាក់ងារផ្សេងៗ មុនពេល បង្ហាញទៅគណៈរដ្ឋមន្ត្រី សម្រាប់ការអនុម័ត នៅចន្លោះខែកក្កដា ដល់ខែតុលា នេះបើតាមប្រភពដដែល។

ប្រព័ន្ធផ្លូវដែក Double-Track គឺជាផែនការមហិច្ឆតា របស់ប្រទេសថៃ ក្នុងការកែលម្អការដឹកជញ្ជូនផ្លូវដែក និងប្រសិទ្ធភាពដឹកជញ្ជូន។ ទន្ទឹមនឹងនោះ ការកែលម្អផ្លូវរថភ្លើងនឹងជួយសន្សំសំចៃថាមពល កាត់បន្ថយការបំពុល និងធ្វើឱ្យការតភ្ជាប់ទៅកាន់ប្រទេសជិត ខាងកាន់តែប្រសើរឡើង នេះបើតាម The Nation ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner