នាយករដ្ឋមន្ត្រី សូមឱ្យពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការដោះស្រាយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សូមឱ្យពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះជនរងគ្រោះ ដោយសម្ដេចបានអំពាវនាវឱ្យស្ថាប័នតុលាការ និងអយ្យការ ពិនិត្យ និងអនុវត្តច្បាប់លើករណីឃាតកម្មបង្កឡើងដោយជនល្មើសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យបានម៉ត់ចត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយសម្ដេច ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ទៅតាមនីតិវិធី ។

យោងតាមបណ្ដាញសង្គមតេលេក្រាម និងហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

សម្ដេចបញ្ជាក់ថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ សម្ដេចធិបតី សូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការចាត់ការ និងដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា នៅពេលត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ ។

សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ គំរោងទី៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង ២នាក់ គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីបាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។

បច្ចុប្បន្ន ជនត្រូវចោទ ដែលជាអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារម១ (ព្រៃស) រង់ចាំថ្ងៃ ប្រកាសសវនាការ ជំនុំជម្រះផ្តន្ទាទោស។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៣ មិថុនា ថា ករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ ។

ការចោទប្រកាន់របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ឋផលនៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។ ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន ។

ចៅក្រមស៊ើបសួរ នឹងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុំរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវភស្តុតាងថ្មីបន្ថែម ដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរ មានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់បានជាដរាប។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៣ មិថុនាដែរថា ក្រសួងយុត្តិធម៌ បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់ ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner