សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បំពាក់ គ្រឿងឥស្សរិយយសជូនមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា ចំនួន ៧១នាក់

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត ជា ព្រះប្រធានកិត្តិយស បានរៀបចំពិធីបំពាក់ គ្រឿងឥស្សរិយ យស ជូនមន្ត្រី បុគ្គលិក កាកបាទបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខា រាជធានី-ខេត្តចំនួន៧១នាក់ ដែលពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ។

តាមរបារការណ៍ របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឱ្យដឹង ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ស្នាដៃ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក ក្រុមប្រតិបត្តិ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា បម្រើការងារ រយៈពេលចាប់ពី ២០ឆ្នាំ រហូតដល់ ៤០ឆ្នាំ តាំងពីយូរយារ ណាស់មក ហើយមានអាយុវ័យច្រើន លើសនឹងដល់ អាយុចូលនិវត្តន៍ ខ្លះមានជំងឺប្រចាំកាយ សុំចូលនិវត្តន៍ មុនអាយុ ។ ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ ពេលបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានស្នើ សុំរាជរដ្ឋា ភិបាលកម្ពុជា នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ចំនួន ៧លើកហើយគិតទាំងពេលនេះ។ ក្នុងនោះលើកទី១ ឆ្នាំ២០០២ មាន មេដាយការងារ ២៨៩ គ្រឿង លើកទី២ ឆ្នាំ ២០០៦ចំនួន១០៣ គ្រឿង លើកទី៣ ឆ្នាំ២០១០ចំនួន១៣៦គ្រឿង លើកទី៤ ឆ្នាំ២០២១ ចំនួនចំនួន១គ្រឿង លើកទី ៥ ឆ្នាំ២០២២ ចំនួន១៦គ្រឿងលើកទី៦ ឆ្នាំ២០២៣ ចំនួន១០៧គ្រឿង និងលើកទី ៧នេះចំនួន៧១គ្រឿង។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវ ព្រះរាជបណ្ដាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្ដេច ព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងជូនពរដល់ មន្ត្រី បុគ្គលិក នៃកាក កាកបាទក្រហមក្រហមទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច។

សម្ដេចមានប្រសាសន៍បន្តថា ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្ស ធម៌កាកបាទក្រហមកម្ពុជា បានបំពេញតួនាទីជាពហុវិស័យក្នុងនោះក៍បានបំពេញតួនាទីក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍និង ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារកម្ពុជា ក៏ទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ នៅក្នុងការសម្រេចបាន តាមផែនការ សហសវត្សរបស់ អង្គការសហប្រជាជាតិ ស្ដីពីការកាត់បន្ថយ ការរីករាលជំងអេដស៍ ក៏ដូចជាការកាត់បន្ថយ អត្រាមរណភាពរបស់មាតានិងទារកផងដែរ ។

សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ក៏បានសំណូមពរឲ្យមន្ត្រី ថ្នាក់ដឹកនាំ ទាំងថ្នាក់ កណ្ដាលនិងថ្នាក់សាខាត្រូវតែរួបរួមគ្នាបំពេញការងារព្រោះថាយើងទាំងអស់គ្នាគឺមានទិសដៅតែមួយគឺការជួយសង្គ្រោះដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះ និង ងាយរងគ្រោះ ដែលត្រូវការ ចាំបាច់ ការជួយសង្គ្រោះពី កាកបាទក្រហមកម្ពុជា។ ហើយយើងបំពេញការងារទាំងអស់ គឺ ចង់បានស្នាដៃនិងការលើកសរសើរ ។ កន្លងមកយើង ក៍ទទួលបានការ កោតសរសើរ ពីសហពន្ធ័អន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមផងដែរវដូច្នេះការសសើរនេះ គឺជាកត្តាសំខាន់មួយ ហើយខ្លួនយើងផ្ទាល់ ក៍ត្រូវតែខិតខំប្រឹងប្រែង ដើម្បីជួយប្រជាជនយើងដែរ ។ កត្តាសំខាន់ ដែលនាំឲ្យយើងជោគជ័យនោះ គឺការរួមសាមគ្គីផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជាយើង ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រឿងឥស្សរិយយស ដែលថ្នាក់ ដឹកនាំមន្ត្រីបុគ្គលិកទាំងអស បានទទួលនៅពេលនេះ មានសារៈសំខាន់ណាស់ គឺជាការរំលឹកអំ ពីគុណូប ការៈនិងការដឹងគុណពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះស្នាដៃដែលយើងទាំងអស់សម្រេចបាន ជាតិមាតុភូមិជាពិសេសក្នុងបុព្វហេតុមនុស្សធម៌។

សូមបញ្ជាក់ថា ការបំពាក់គ្រឿង ឥស្សរិយយស ពេលនេះ គឺជាលើកទី៧ហើយ ដែលត្រូវបានផ្តល់ កិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត បំពាក់ជូនដោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា។ ក្នុងចំណោមគ្រឿងឥស្សរិយយស ទាំង ៧១គ្រឿងនេះ គឺមានគ្រឿង ឥស្សរិយយស ជាតូបការ ចំនួន ២៤ គ្រឿង(ថ្នាក់កណ្តាល ១២គ្រឿង, និងសាខា ១២គ្រឿង) គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ១គ្រឿង។ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ៨គ្រឿង គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ៣៨គ្រឿង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner