ក្រុមអ្នកស្រាវជ្រាវរកឃើញតុកែប្រភេទថ្មីសម្រាប់ពិភពលោកនៅកម្ពុជា

(ភ្នំពេញ)៖ តុកែមួយប្រភេទថ្មីត្រូវបានអ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នក​ជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរ​ប្រវត្តិ​សាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិច រកឃើញ សម្រាប់ប្រទេស​កម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ប្រទេសកម្ពុជា។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤នេះថា៖ តុកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។

លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋាន​គោល​នយោ​បាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យ​ដឹង​ថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅ​​តំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។ ដើម្បីអាចបញ្ជាក់បានថាជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុងឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹង​សំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែល ចំនួន១២ប្រភេទផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

គួរបញ្ជាក់ថា លក្ខណៈសំគាល់របស់ តុកែភ្នំព្រះគុហារហ្លូង គឺជាតុកែដែលរស់​នៅតែ​ក្នុងល្អាងភ្នំថ្មកំបោរនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យ​មាន​ប្រវែងខ្លួនវែងបំផុត ៧៧.៦មម តូចជាងញី ដែលមានប្រវែង ៨០.៧មម ខ្លួន​មានបង្កង់សម្បុរត្នោតចាស់ពី៤ទៅ៥កង់។ តាមការសិក្សាតុកែនេះអាចចូល​ទៅក្នុង​រូងថ្ម​ដែលអាចមានជម្រៅរហូតដល់ ២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗ​មាត់​ល្អាង​នៅពេលយប់ដើម្បីរកចំណី។

តុកែភ្នំព្រះគុហារហ្លូង​ គឺជាតុកែដែលមានវត្តមានតែនៅក្នុងល្អាងភ្នំនៃតំបន់បេតិភណ្ឌ​ធម្មជាតិ​ភ្នំព្រះគុហារហ្លួងតែមួយគត់ (Endemic Species) ហើយក៏ជាតុកែទី៣​ដែលត្រូវបានរកឃើញតែនៅក្នុងល្អាងភ្នំថ្មកំបោរក្នុងនោះមាន C. laangensis ពីភ្នំល្អាងនៅកម្ពុជា និង C. disjunctus នៅប្រទេសថៃ។ តុកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកែបង្កង់ទី១0 ដែលមានវត្តមាននៅកម្ពុជា និងទី៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។

របកគំហើញនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែប នៃជីវៈចម្រុះ និងសក្តានុពល នៃទីជម្រកដ៏ពិសេសដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យមាន​ការសិក្សានិងកត់ត្រាឱ្យបានល្អិតល្អន់។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថាការរកឃើញ​ប្រភេទ​ជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា បង្ហាញតម្លៃ​ធនធាន​ធម្មជាតិកម្ពុជា កំពុងត្រូវបានការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់ របស់រាជរដ្ឋាភិ​បាល​កម្ពុជា។ លើសពីនេះ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរង​គ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជា​សូចនាករ​បង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបាន​បង្កើត​ឡើង​ដើម្បី ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍​របស់មនុស្សគ្រប់​ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ការពារ​សោភ័ណ​ភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការ​កម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់​សកម្ម​ភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌​នៅក្នុង​មូលដ្ឋាន។

អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និង​គ្រប់គ្រងតំបន់ការបារធម្មជាតិនានា ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានា​ដល់​កិច្ចដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner