អាមេរិកជំរុញឱ្យអ៊ីស្រាអែលជៀសវាងបង្កើនជម្លោះនៅលីបង់

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានអំពាវនាវដល់អ៊ីស្រាអែល ជៀសវាងការបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងប្រទេសលីបង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងហ៊្សេរុយសាឡឹមបានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ បានស្តីបន្ទោសអាមេរិក ចំពោះការពន្យារពេលចែកចាយសព្វាវុធ។

នៅក្នុងកិច្ចប្រជុំរយៈពេលពីរម៉ោងជាមួយប្រមុខការពារជាតិអ៊ីស្រាអែល នៅឯក្រសួងការបរទេសអាមេរិក លោក ប្លីងគែន បានពិភាក្សាអំពីទំនាក់ទំនងការទូតដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លើកិច្ចព្រមព្រៀងដែលនឹងធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller។

លោក Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្លីងគែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជៀសវាងបង្កើនជម្លោះ និងការឈានដល់ដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យគ្រួសារ ទាំងអ៊ីស្រាអែល និងលីបង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ។ ភាពតានតឹងកំពុងកើនឡើងខ្លាំង ជាមួយនឹងការបង្កើនការវាយប្រហារតទល់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner