មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលសម្ពោធដាក់ដំណើរការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន តាមរយៈមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ។

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀន​ពីចម្ងាយដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះ​បណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា​ឌីជីថលដល់​អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេក​វិទ្យា​ក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗ​ដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង (៤) ផ្តល់បន្ទប់អ៊ីនធឺណិត​កាហ្វេ (Internet Café) សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បី​ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹង​តម្រូវការ​ជាក់​ស្តែងរបស់ប្រជាជននៅតាមសហគមន៍នីមួយៗ។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពី បេសកកម្ម រវាង ក្រសួងអប់រំ យុវជន និងក្រសួងប្រៃសណីយ៍ ដើម្បីអាចសម្រេចបានគោលដៅរួម នៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំ កម្ពុជា បានសាទរចំពោះសមិទ្ធផលថ្មីគួរជាទីមោទនៈ នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា-ជប៉ុន និងការគាំទ្រដល់របស់ជប៉ុនចំពោះដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា តាមរយៈគម្រោងបដិភាគហិរញ្ញប្បទានរបស់មូលនិធិមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា តម្រូវការចាំបាច់ក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ គឺសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយក្នុងដែនសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដែលរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់ប្រកបដោយសុទិដ្ឋិនិយមថា នៅពេលដំណើរការបានពេញលេញ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងក្លាយជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថលប្រកបដោយស្មារតីបុរេសកម្ម និងគំនិតបើកទូលាយក្នុងការបំពេញបេសកកម្មលើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះគោលដៅយុទ្ធសាស្ត្រដែលកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំមួយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា គឺជាសមិទ្ធផលដែលសម្រេចបានដំបូងគេបង្អស់ក្នុងចំណោមគម្រោងនៃការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈក្នុងប្រទេសកម្ពុជា ដែលផ្ដើមចេញពីខេត្តតាកែវ ជាគម្រោងក្នុងដំណាក់កាលទី១ ហើយក្រុមការងារទទួលបន្ទុកគ្រោងនឹងចុះសិក្សាកំណត់យកទីតាំងអាទិភាព ជាបន្ដបន្ទាប់ដើម្បីសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ក្នុងខេត្តផ្សេងៗបន្ថែមទៀត នាពេលខាងមុខ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner