កូរ៉េខាងត្បូងប្រកាសសង្គ្រាមប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតទាប
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីពេលថ្មីៗនេះ បានប្រកាសភាពអាសន្នថ្នាក់ជាតិ ស្តីពី “ចំនួនប្រជាជន” ដោយដាក់ចេញនូវវិធានការ ដើម្បីពង្រីកការគាំទ្រសាច់ប្រាក់សម្រាប់ទារកទើបនឹងកើត និងផ្លាស់ប្តូរនិន្នាការអត្រាកំណើតដែលធ្លាក់ចុះ។
លោក Yoon បាននិយាយថា វិបត្តិចំនួនប្រជាជន ដែលបណ្តាលមកពីអត្រាកំណើតទាបខ្លាំង គឺជាបញ្ហាចម្បង និងសំខាន់សម្រាប់ប្រទេសកូរ៉េខាងត្បូង។ លោកបន្ថែមថា ការថយចុះចំនួនប្រជាជនយ៉ាងឆាប់រហ័ស ឥឡូវនេះបានក្លាយជាបញ្ហាចម្បង ដែលជំរុញឱ្យមានការព្រួយបារម្ភខ្លាំង។
ដើម្បីដោះស្រាយបញ្ហាខ្វះអ្នកមើលថែតាមផ្ទះ ចំពេលចំនួនប្រជាជនធ្លាក់ចុះ និងមនុស្សមានវ័យជំចាស់កើនឡើងនោះ រដ្ឋាភិបាលរបស់លោក Yoon មានគោលបំណងជំរុញលទ្ធភាពទទួលបានអ្នកថែទាំទារក-កុមារ ទាំងសាធារណៈ និងឯកជន ដោយកំណត់គោលដៅជួយគ្រួសារចំនួន ៣០០,០០០គ្រួសារ នៅឆ្នាំ ២០២៧។
គួរបញ្ជាក់ថា នៅក្នុងត្រីមាសទីមួយ អត្រាកំណើត ឬមានកូននៅក្នុងកូរ៉េខាងត្បូង បានឈានដល់កម្រិតទាបបំផុតប្រចាំត្រីមាស ជាមួយនឹងពិន្ទុ ០.៧៦ ហើយតួលេខនេះ ត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះដល់កម្រិតទាបមួយទៀត នៅត្រឹមពិន្ទុ ០.៦៨ ក្នុងឆ្នាំ ២០២៤៕
ប្រភព ÷ The Star ប្រែសម្រួលដោយ÷ ឈឹម ទីណា