ជើងខ្លាំង Off-Road អន្តរជាតិ ចាត់ទុកថាកម្ពុជាជាឧបសគ្ឥ បន្ទាប់ពី​បង្កើត​កំណត់ត្រាល្អៗជូនជាតិ

(ថៃ)៖ កីឡាករប្រណាំងរថយន្ត Off-Road កម្ពុជា លោក ព្រំ រស្មី បានលើកឡើងថា បន្ទាប់ពីប្រភេទកីឡារថយន្ត Off-Road កម្ពុជាកសាងបានសមិទ្ធផលបានល្អៗ កាលពីប្រកួតអន្តរជាតិកន្លងមក កីឡាករបរទេសបានក្រឡេកមកមើលគុណភាពបច្ចេកទេសកីឡាករ និងរថយន្តរបស់កម្ពុជា ដោយកម្ពុជាគឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេ ដោយមិនអាចមើលរំលងបាន ដូចកាលពីពេលមុនទៀតឡើយ។នេះជាការលើកឡើង នៅក្នុងបទសម្ភាសន៍ ក្នុងអំឡុងពេលដែលរូបលោក និងក្រុមការងារកីឡាប្រណាំងរថយន្ត Off-Road កម្ពុជាធ្វើដំណើរចាកចេញពីមាតុប្រទេសទៅទៅប្រកួតនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ដោយមាន ៤ប្រទេស ឡាវ ម៉ាឡេស៊ី កម្ពុជា និងម្ចាស់ផ្ទះថៃ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៤ លើវិញ្ញាសាជាក្រុម ក្នុងចំណោម២៨ក្រុមស្មើនឹងរថយន្តសរុប ៨៤គ្រឿង។

លោក ព្រំ រស្មី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«នេះជាប្រកួតដ៏ធំប្រចាំឆ្នាំ២០២៤ នៅប្រទេសថៃ ដោយសារលើកនេះជាការប្រកួតជាក្រុម ។ ឆ្នាំនេះ ឆ្លងកាត់តាមការប្រកួតលក្ខណៈ ឯកត្តជនកន្លងមករបស់កីឡាករកម្ពុជាទាំងអស់ គឺយើងមានបទពិសោធន៍ជាច្រើនកន្លងមក ជាពិសេសគឺរថយន្តកម្ពុជានាពេលនេះសុទ្ធតែបានបំពាក់លក្ខណៈបច្ចេកទេសទាន់ស៊េរីទំនើបដូចគេអស់ហើយ»។

លោក ព្រំ រស្មី បន្ថែមថា កន្លងទៅ មិនមានអ្វីប្លែកទេ ដោយសារតែប្រទេសគេ គឺមានគុណភាពខ្ពស់ជាងយើងស្រាប់ហើយ ប៉ុន្តែចុងក្រោយនេះ គឺបណ្តាកីឡាករបរទេសផ្សេងៗបានព្យាយាមក្រឡេកមកមើលគុណភាពបច្ចេកទេសរថយន្តរបស់កម្ពុជា ដោយពួកគេក៏មានការគិត ក្តីបារម្ភ ដោយចាត់ទុកថា ក្រុមកម្ពុជា គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេដែរ ដែលកម្ពុជាជាគូប្រជែងមិនអាចមើលរំលងបាន បន្ទាប់ពីកម្ពុជាទទួលបានសមិទ្ធផលថ្មីគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតអន្តរជាតិមួយ កាលពីពេលកន្លងមកថ្មីៗ ក្នុងឆ្នាំ២០២៤ដែរ ដោយកីឡាករ ព្រំ រស្មី ដណ្តើមបានលេខ៣ នៅខេត្តខាណម និងកីឡាករ វង្ស គឹមហួត ដណ្តើមបានលេខ១ នៅខេត្តត្រាត ប្រទេសថៃ។

បន្ថែមពីលើនេះ លោក ព្រំ រស្មី សូមឱ្យប្រជាពលរដ្ឋផ្តល់ការគាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជាឱ្យបានច្រើនកុះករ តាមរយៈការផ្សាយរបស់ផេក ដើម្បីលើកទឹកចិត្ត ក្នុងការលើកទង់ជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។

លោក ឈិន ឈុំសីហា ប្រធានក្រុម Off-Road កម្ពុជាបានគូសបញ្ជាក់ដែរថា បេសកកម្មនេះ ក្រុមកម្ពុជាមានកីឡាករ និងក្រុមបច្ចេកទេសសរុប ២៣នាក់ ដោយមានរថយន្តប្រណាំង ៣គ្រឿង និងរថយន្តសេវាមានចំនួន៧គ្រឿងផ្សេងទៀត។ សម្រាប់បេសកកម្មនេះ ក្រុមកីឡាករ និងក្រុមការងារបច្ចេកទេសជួសជុលមានក្តីរីករាយៗដូចគ្នា ដែលលោកបានលើកបង្ហាញការជំរុញលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធកីឡាយានយន្តកម្ពុជា។

គួរបញ្ជាក់ថា ចំពោះសមាសភាពកីឡាករ Off-Road កម្ពុជា រួមមាន៖១-កីឡាករ វង្ស គឹមហួត អ្នកបើកបរ កីឡាករ ហេង បញ្ហា ជំនួយការអ្នកបើកបរ, ២-កីឡាករ ញឹម សុវណ្ណារ៉ូ អ្នកបើកបរ កីឡាករ ម៉ៅ ណៃ ជំនួយការអ្នកបើកបរ និង៣-កីឡាករ ព្រំ រស្មី អ្នកបើកបរ កីឡាករ លាភ ហែង ជំនួយការអ្នកបើកបរ៕

អត្ថបទ-រូបភាព ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner