ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ វេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ​បានចាប់ផ្តើមជាផ្លូវការនាព្រឹកថ្ងៃទិ២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើក​បាន​ប្រព្រឹត្ត​ដោយអនុសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការរងសម្រាប់កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ព្រមទាំងមានការចូលរួមថ្លែងសុន្ទកថា គន្លឹះដោយ ឯកឧត្តម បាន គីម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការ​សហប្រជាជាតិ។

ទន្ទឹមនេះ ក្នុងឱកាសនៃពិធីទទួលទានអាហារល្ងាចក្នុងថ្ងៃដដែល ឯកឧត្តមឧបនា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានអញ្ជើញផ្តល់កិត្តិយសឡើងថ្លែងសារជូនដល់ថ្នាក់​ដឹកនាំមកពីបណ្តាប្រទេសផ្សេងៗ និងអង្គពិធីទាំងមូល។

មានប្រសាសន៍ជូនដល់ប្រតិភូអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងវេទិកាសាធារណៈ របស់អង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើក​ឡើងថា “តាមរយៈការចូលរួមក្នុងការប្រជុំ និងកម្មវិធីអមនានា ប្រតិភូកម្ពុជាទទួល​បានធាតុចូលជាច្រើន ក៏ដូចជាបានចូលរួមពិភាក្សាបំផុសគំនិត ស្វែងរកវិធីសាស្រ្ត​ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ហើយចែករំលែក​ចំណេះដឹង បទពិសោធ​ទាំងនោះជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមដោយបាន​លើកទឹកចិត្តដល់អ្នកចូលរួមក្នុងវេទិកាទាំងមូលឱ្យប្រើប្រាស់វេទិកានេះ ឱ្យអស់ពី​លទ្ធភាព​ក្នុងការចែករំលែក និងសិក្សារៀនសូត្រ ដកស្រង់បទពិសោធ​ពីគ្នាទៅ​វិញទៅមក ក្នុងគោលដៅអភិវឌ្ឍឧត្តមភាពកិច្ចការសេវាសាធារណៈ​ឱ្យបានកាន់​តែប្រសើរ។”

សូមជម្រាបជូនផងដែរថា វេទិកា UN Public Service ត្រូវបានរៀបចំឡើង​រយៈពេល​៣ ថ្ងៃដោយមានជាសិក្ខាសាលាផ្សេងៗ​ពាក់ព័ន្ធនឹងវិស័យ​មុខងារ​សាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមប្រធានបទ “ការជំរុញ​នវានុវត្តន៍​ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective)៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner