សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់​នៃគុណភាព និងសមត្ថភាពប្រទេសយើង

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពអប់រំ គឺជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិរបស់យើង ក្នុងការអភិវឌ្ឍប្រកួតប្រជែងប្រកបដោយចីរភាព ។ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។ គោលនយោបាយរបស់សម្តេច អាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

សម្តេចធិបតី បានបញ្ជាក់ថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់គុណភាព និងសមត្ថភាពរបស់ប្រទេសយើង ក្នុងការអភិវឌ្ឍ ប្រកួតប្រជែង ប្រកបដោយចីរភាព។ ដូចគ្នានេះ គុណភាពនៃការអប់រំ បណ្តុះបណ្តាល គឺជាកត្តាគន្លឹះគុណភាពនៃធនធានមនុស្ស អ៊ីចឹងយើងអាចនិយាយថា គុណភាពនៃការបណ្តុះបណ្តល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានានៃការអភិវឌ្ឍ ប្រកួតប្រជែកប្រទេសជាតិរបស់យើង ។

សម្តេចបន្តថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេស វិស័យបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងឲ្យមានពុទ្ធិជាមូលដ្ឋាន។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្ស ដែលមានមូលធនមនុស្ស និងមានចំណេះដឹងទូលំទូលាយ នៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សារព័ត៌មាន ទូរគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់អនុវត្តការអភិវឌ្ឍរបស់កម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងចូលរួមអបអរសាទរ និងគាំទ្រចំពោះការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ប្រកបដោយភាពជោគជ័យ និងសូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកដល់ពេលនេះ សាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល សមត្ថភាពមន្ត្រីពាក់ព័ន្ធ សម្រាប់ផលិតខ្លឹមសារ និងមាតិកានានា ។

ទន្ទឹមនេះ សម្តេចធិបតី បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យដទៃទៀត ពិនិត្យលទ្ធភាពក្នុងបណ្តាញនេះដើម្បីជាប្រយោជន៍ដើម្បីសិក្សា និងការស្រាវជ្រាវ របស់សាស្ត្រាចារ្យ និងនិស្សិតរបស់យើង។ សម្តេចក៏បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍ ដែលបានជួយជ្រោមជ្រែងដល់ការបង្កើត និងកិច្ចដំណើរការសាកលវិទ្យាល័យសាយប័រកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតដល់ថ្ងៃសម្ពោធជាផ្លូវការនៅពេលនេះ និងពេលអនាគត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner