សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀននៅក្នុងថ្នាក់ មិនប្រាកដថា ប្រសើរជាងរៀនតាមអនឡាញទេ

(ភ្នំពេញ)៖ ការបង្កើតឱ្យមានការរៀនអនឡាញ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែមិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន ។ សម្តេចធិបតី បានបញ្ជាក់ថា៖ ការធ្វើវានុវត្តន៍ ការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត ធ្វើយ៉ាងណាបង្កលក្ខណៈ ហើយការបង្កើតឱ្យមានការរៀនអនឡាញនេះ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែ មិនប្រាកដថា រៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សមួយដែរ ។

ត្រង់ចំណុចនេះ សម្តេច ក៏បានលើកជាសំណួរថា បើរៀននៅក្នុងថ្នាក់សិស្សមានចំនួន ៣០នាក់ ហើយសិស្សមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក៏រៀនមិនចេះដែរ។ ប៉ុន្តែ បើសិស្សរៀនតាមអនឡាញ គាត់សង្វាតយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកគ្រូ អ្នកគ្រូ ហើយខិតខំស្រាវជ្រាវមេរៀនបន្ថែមទៀត នឹងធ្វើឱ្យសិស្សដែលសិក្សាតាមអនឡាញ កាន់តែមានចំណេះដឹងទូលំលូលាយ ។ ការអង្គុយសិក្សានៅក្នុងថ្នាក់ ឬតាមអនឡាញ គឺស្រដៀងគ្នា ប៉ុន្តែ ចំណុចនេះមានការវិវត្តទៅមុខបន្តទៀត ដូច្នេះ ដើម្បីឱ្យធានាបែបនេះត្រូវការការច្នៃប្រឌិត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការរៀនតាមអនឡាញ គឺមិនមែនជារឿងថ្មីនោះទេ បើយើងមើលនៅលើសកលលោក អីឡូវនេះ គឺបានធ្វើយូរហើយអនឡាញនេះ ខ្ញុំចាំនៅដើមឆ្នាំ២០០០ មានការផ្សព្វផ្សាយរៀនអនឡាញនៅអាមេរិក ចង់បានសញ្ញាបត្រ ហើយអីឡូវបើយើងមើលនៅក្រៅប្រទេស សាកលវិទ្យាលយសឹងទាំងអស់ សុទ្ធមានការបង្រៀនតាមអនឡាញ មិនថាសាកលវិទ្យាល័យ ឬធំទេ ដូចជាសាកលវិទ្យា ហាវើដ (Harvard) សាកលវិទ្យាល័យកំពូលលើសកលលោក មានអនឡាញ ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការបើកបង្រៀនតាមអនឡាញ គឺដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ពីព្រោះការបណ្តុះបណ្តាលសម័យបច្ចុប្បន្ននេះ ត្រូវការភាពបត់បែន ហើយការបណ្តុះបណ្តាលសម័យថ្មីនេះ មិនត្រូវការអង្គុយនៅក្នុងរៀន និងចាំបាច់កំណត់ម៉ោងសិក្សានោះទេ។ សម្រាប់នៅកម្ពុជា ការបើកបង្រៀននៅតាមអនឡាញ បានធ្វើឡើងកាន់តែច្រើននៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវវីដ១៩។ ចំពោះការសិក្សាតាមរយៈអនឡាញនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការសិក្សាអនឡាញនេះមានយូរមកហើយនៅកម្ពុជា ប៉ុន្តែគ្រាន់តែខុសពីស្ថានភាពគ្នាប៉ុណ្ណោះ ពីព្រោះកាលពីជំនាន់ទសវត្ស៩០ មិនទាន់មានសេវាអ៉ីនធឺណែតគ្រប់គ្រាន់ ដូចនេះលោកគ្រូ អ្នកគ្រូ បានបង្រៀនថតវីដេអូ ផ្សាយតាមទូរទស្សន៍ ដូច្នេះមានន័យថា ការបង្រៀននេះស្រដៀងគ្នា តែគ្រាន់តែប្រើប្រាស់មធ្យោបាយផ្សេងគ្នា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner