សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេនចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជា ដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ ។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនា អស់កាលជាអង្វែងតរៀងទៅ ។
សូមជម្រាបថា សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្ម របស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្ត ជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡ្ហឥតសាសនា ក្នុងរបបប៉ុលពត បង្ខំឱ្យលាចាកសិក្ខាបទទៅជាគ្រហស្ថ ដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ព្រះអង្គជាឧបសម្បទាបេក្ខ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារ ដ៏ឧត្តុងឧត្តមជាបន្តបន្ទាប់។
ទ្រង់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា ឱ្យមានលក្ខណៈល្អប្រសើរ តាមរយៈការស្នើសុំ និងបង្កើតឱ្យមានស្ថាប័នគណៈសង្ឃនាយក លេខាធិការដ្ឋានគណៈសង្ឃនាយក ថេរសភាជាន់ខ្ពស់ ថេរសភារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ព្រះសង្ឃប្រកាស ការរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ការតែងតាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងការដោះស្រាយអធិករណ៍ក្នុងពុទ្ធសាសនមណ្ឌល ។ល។ ទ្រង់តែងទទួលការយាងចូលរួមជាព្រះអធិបតីភាព ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ដោយព្រះរាជហឫទ័យជ្រះថ្លាបំផុត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ