ឆមាសទីមួយ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្រ្កាបគ្រឿង​ញៀន​បាន៨០ករណី

កំពង់ឆ្នាំង៖លោកវរសេនីយឯក ហ៊ុល វាសនា ស្នងការរង​នគរបាលទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹង​ថា រយៈពេលប្រាំខែ​ដើម​ឆ្នាំ២០២៤នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿង​ញៀនសរុប​ចំនួន ៨០ករណី ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាប​បានចំនួនប្រាំករណីឃាត់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ (ស្រី ០១នាក់) និងដក​ហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌​សថ្លា​សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤៤ កញ្ចប់ ទម្ងន់​ចំនួន ១៥៧,០៩ក្រាម ។

ប្រភពដដែលបន្តថា ដោយឡែកសមត្ថកិច្ចនគរបា​លបង្ក្រាប​បានចំនួន ៧៥ ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦៤នាក់ (ស្រី ១២នាក់) និងដកហូតវត្ថុតាងរួមមានៈ” ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទ​មេតំហ្វេតាមីន (ICE) ចំនួន ៤២៣ កញ្ចប់ ទម្ងន់សរុបចំនួន ១.៧២៦,៩៧ក្រាម ។បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា​នាឆ្នាំ២០២៣ មានការថយចុះចំនួន ២០ករណី គឺស្មើ ៧៥លើ៩៥ ករណី។

លោកវរសេនីយឯក ហ៊ុល វាសនា ថ្លែងឱ្យដឹងដូចនេះកាល​ពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីទិវាអន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោមប្រធានបទ”រួមគ្នាវិនិយោគ​លើការបង្ការទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”។

ពិធីដែលប្រារព្ធក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងមានការអញ្ជើញចូលរួម​ពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊្រន សំឬទ្ធី អភិបាល​រងខេត្ត លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ព្រះរាជអាជ្ញា​នៃអយ្យការ​សាលាដំបូងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ​នៃមន្ទីរជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត បានលើកឡើងដោយ​ស្រង់នូវពាក្យស្លោកពីអង្គការសហប្រជាជាតិថា “បើសិន​ជាយើង​វិនិយោគ​ចំណាយ១ដុល្លាលើវិធានការបង្ការ វាអាច​មានប្រសិទ្ធភាពជាជាងចំណាយ១០ដុល្លារ លើការស៊ើប​អង្កេតបង្ក្រាប និង​ព្យាបាល”។លោកបន្តថា ពាក្យស្លោកនេះ​ស្របទៅនឹងពាក្យស្លោករបស់ខ្មែរយើង”ការពារប្រសើរជាងព្យាបាល” ។

 លោកអភិបាលរងខេត្តបានអំពាវនាវរួមគ្នាអនុវត្តការផ្សព្វផ្សាយនិងអប់រំ គ្រប់គ្រងការត្រួតពិនិត្យនូវសារធាតុញៀនឱ្យមាន​ប្រសិទ្ធភាព៕


ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner