ប្រជាកសិករ ត្រូវចុះពិនិត្យស្រែជាប្រចាំបើជួបប្រទះដង្កូវហ្វូងកំពុងបំផ្លាញដំណាំស្រូត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានឬមន្រ្តីកសិកម្ម
(ភ្នំពេញ)៖ ប្រជាកសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ បើជួបប្រទះនឹងដង្កូវហ្វូងកំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំពីផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា។
នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។
ថ្លែងក្នុងពេលចុះពិនិត្យ ដង្កូវហ្វូង នៅ ខេត្ត កំពង់ស្ពឺ នាពេលថ្មីនេះៗនេះ ឯកឧត្តម ងិន ឆាយបានឱ្យដឹងថា៖ ក្រសួងកសិកម្មចុះពិនិត្យនៃការកំពុងរាតត្បាត ដង្កូវហ្វូងនេះក្នុងគោលបំណងដើម្បីសិក្សាប្រជាកររបស់ពួកវាថាមានបរិមាណកម្រិតណា បន្ទាប់មកយើងនឹងធ្វើការវាយតម្លៃថាដង្កូវនេះមានប៉ុន្មាជំនាន់ហើយ។ពេលដែលយើងដឹងពីសភាពការណ៍ច្បាស់លាស់ហើយ យើងនឹងធ្វើការណែនាំដល់កសិករពីវិធីការកំចាត់សត្វចង្រៃទាំងនេះបានទាន់ពេលវេលា។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា”ដល់ពេលនេះគឺដំណាក់កាលយើងប្រើប្រាស់សារជាតិគីមីកំចាត់ហើយពោលគឺបាញ់ថ្នាំសម្លាប់។ការណែនាំនេះដែរយើងគិតទៅលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពសុវត្តិភាពផង។បានន័យថាយើងនឹងជ្រើសរើសថ្នាំប្រភេទណាដែលមិនសូវពុលដល់សុខភាព និងមិនសូវប៉ះពាល់ដល់ប្រព័ន្ធអូកូស៊ីសស្ទឹមក្នុងចំការរបស់កសិករ ,ទី២តម្លៃក៏សមរម្យមិនថ្លៃពេក និងទី៣ណែនាំទៅដល់អ្នកប្រើប្រាស់មិនឱ្យប៉ះពាល់ដូចជាយើងដាក់ឆ្លាកការពារនៅពេលដែលបាញ់ថ្នាំហើយជាដើម។
ជាមួយគ្នានេះឯកឧត្តមបានថ្លែបញ្ជាក់ដែរថា៖បន្ទាប់ពីពិនិត្យមើលស្ថានភាពដង្កូវហ្វូងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺឃើញថាសត្វដង្កូវហ្វូងមានច្រើនដំណាក់មកហើយ ពីព្រោះថាដង្កូវខ្លះបានពេញវ័យ និងបានក្លាយជាដុកឌឿទៅហើយ។ចំណែកដង្កូវខ្លះទៀតមានទំហំតូច និងដង្កូវខ្លះទៀតទើបតែញាស់ អញ្ចឹងមានន័យថាការប្រើថ្នាំកំចាត់នៅពេលនេះគឺមានប្រសិទ្ធភាព។យើងត្រូវសម្លាប់សម្អាតវានៅពេលនេះដើម្បីកុំឱ្យវាបន្តពូជនៅពេលក្រោយទៀត។
ទន្ទឹមជាមួយគ្នានេះឯកឧត្តម ងិន ឆាយ បានអំពាវនាវដល់កសិករទាំងអស់ត្រូវចុះទៅពិនិត្យស្រែ ចំការដំណាំព្រោះថាបច្ចុប្បន្ននេះយើងស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។
បើសិនកសិករមានការយឺតយ៉ាងក្នុងការចុះពិនិត្យសត្វដង្កូវនេះវាអាចបំផ្លាញស្រូវ និងដំណាំត្រឹមតែ២ទៅ៣ថ្ងៃ គឺអាចបំផ្លាញអស់តែម្តង។សុំស្នើចុះពិនិត្យជាប់ជាប្រចាំ ហើយបើឃើញវត្តដង្កូវហ្វូងត្រូវចាត់វិធានការបន្ទាន់។ចំពោះការណែនាំបច្ចេកទេស ឬថ្នាំសម្លាប់នោះត្រូវទាក់ទងទៅមន្ទីរកសិកម្ម ដែលនៅជិតបំផុត និងអាចមានមន្រ្តីកសិកម្មតាមឃុំឬស្រុក ធ្វើការណែនាំបានផងដែរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់ខេត្តកំពង់ស្ពឺគឺគេអាចកំចាត់បាន ដោយនៅពេលកំចាត់សត្វដង្កូវហ្វូងនេះអស់ទៅស្រូវទាំងនេះអាចដុះលូតលាស់មកវិញ។មិនទាន់មានការខូចខាតនៅឡើយទេ។
ទាក់ទិនក្នុងការកំចាត់ដង្កូវហ្វូងនេះដែរត្រូវបាន ឯកឧត្តម ងិន ឆាយលើកឡើងថាគេបានប្រើវិធីសាស្រ្តច្រើនយ៉ាងក្នុងនេះដូចជាការប្រើដ្រូន ធុងបាញ់ថ្នាំឬ ម៉ាស៊ីបាញ់ថ្នាំពាក់ស្មារជាដើម។
គួរបញ្ជាក់ថាគិតមកដល់ពេលនេះសត្វដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតរបស់កសិករប្រមាណជាង១ម៉ឺនហិកតា និងខេត្តជាង១០នៅកម្ពុជាកំពុងទទួលរងការរាតត្បាតពីសត្វដង្កូវហ្វូងចង្រៃនេះក្នុងនេះដូចជាខេត្ត ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង តាកែវ ប៉ៃលិន កំពង់ស្ពឹ និងខេត្តត្បូងឃ្មុំ។ សម្រាប់ខេត្តដែលទទួលរងការបំផ្លាញនេះសភាពធ្ងន់ធ្ងរនោះរួមមានដូចជា ខេត្តតាកែវ កំពង់ធំ និងខេត្តប៉ៃលិន៕
ដោយ៖ម៉ាដេប៉ូ