សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣លើកទី១
បន្ទាយមានជ័យ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ លើកទី១នៅសាលប្រជុំសាលាខេត្តក្រោមវត្តមានឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ការបោះឆ្នោតនេះមានបេក្ខជន២០នាក់ត្រូវបានបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តដោយជ្រើសយកសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តតែ ១៤នាក់ ។ក្នុងនោះបោះជ្រើសរើសប្រធានមួយរូប និងអនុប្រធានប្រាំពីររូប ។តាមរយៈការបោះឆ្នោតឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានក្លាយជាប្រធានថ្មីសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអាណត្តិទី៣ លើកទី១។
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ដែលបានក្លាយជាប្រធានសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ បានប្ដេជ្ញាចិត្តដឹកនាំ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យឱ្យទទួលបានជោគជ័យលើវិស័យពាណិជ្ជកម្ម និងការពារថែរក្សាសុខសន្តិភាព ។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានណែនាំដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញបែបធ្វើអាជីវកម្ម និងជំនាញបចេ្ចកវិទ្យា ។ទន្ទឹមការងារបណ្ដុះបណ្ដាលនេះដែរខិតខំស្វះស្វែងរកដៃគូវិនិយោគឬពាណិជ្ជកម្ម នៅក្នុងនិងក្រៅប្រទេស។ ជាពិសេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងដៃគូធ្វើពាណិជ្ជកម្មអន្តរជាតិ សំដៅជំរុញការនាំចេញនូវកសិផលនិងផលិតផលក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេស ។
ចំណែកឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានផ្ដាំផ្ញើរទៅដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្ត្តិទី៣លើកទី១ នេះ ថាដើម្បីឱ្យការងារពាណិជ្ជកម្មឆ្ពោះទៅមុខដោយរលូន សំខាន់ចេះយោគយល់អធ្យាស្រ័យគ្នា ។ដាច់ខាតកុំខ្វែងគំនិតនឹងគ្នា។ពិសេសកុំមានទំនាស់ផ្ទៃក្នុង ។ ចេះធ្វើការ រួមគ្នាយ៉ាងមុតស្រួចលើការធ្វើពាណិជ្ជកម្ម គឺជារឿងសំខាន់៕
ដោយ៖ គៀនច័ន្ទហ៊ីន