រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់ឱសានវាទពលរដ្ឋ ៣០គ្រួសារ នៅតំបន់អន្ទង់អាំងត្រូវរើចេញក្នុងរយៈពេល៣០ថ្ងៃ (Video Inside)

រដ្ឋបាលខេត្តពោធិ៍សាត់ បានថ្លែងថា គេទុករយៈពេលចំនួន៣០ថ្ងៃ ដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង។

តំបន់អន្ទង់អាំងនៃជើងភ្នំ១៥០០ ត្រូវបានរាជរដ្ឋាភិបាលរក្សាជាតំបន់អភិរក្សឧទ្យានជាតិ។ រាជរដ្ឋាភិបាលបានសម្រេចលុបចោលគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍន៍ នៅតំបន់អន្ទង់អាំង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ៤គំរោង ដើម្បីប្រែក្លាយតំបន់អន្ទង់អាំង ទៅជាតំបន់បៃតង។

ទោះជាយ៉ាងណាក៏ដោយ ក្នុងតំបន់ដែលកំពុងរៀបចំជាតំបន់បៃតងនេះ ពលរដ្ឋដែលរស់នៅ ៦៧គ្រួសារ ក្នុងចំណោម ៩៨គ្រួសារ បានចាកចេញជាមួយនឹងការយល់ព្រម តាមគោលការណ៍ដោះដូររៀបចំដី ប៉ុន្តែពលរដ្ឋ ៣១គ្រួសារ នៅមិនទាន់បានចាកចេញនៅឡើយទេ។

លិខិតរបស់រដ្ឋបាលខេត្តថ្ងៃទី២៥មិថុនាបានប្រាប់ពលរដ្ឋចំនួន ៣១គ្រួសារ «ត្រូវពិចារណាសម្រេចចិត្តក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ»។

ក្នុងការយល់ព្រមចាកចេញ ត្រូវដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់…ប៉ុន្តែក្នុងករណីផុតកំណត់រយៈពេល៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោល នយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗ របស់ប្រជាពលរដ្ឋទាំងនោះ គឺជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវ ចំពោះមុខច្បាប់ផងដែរ។

ads banner