ផ្ទុះគ្រាប់មីននៅខេត្តព្រះវិហារ, អ្នកបើកត្រាក់ទ័ររងរបួស (Video Inside)

គ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យបុរសអាយុ៤២ឆ្នាំម្នាក់ រងរបួសធ្ងន់ក្នុងហេតុការណ៍មួយ កើតឡើងក្នុងខេត្តព្រះវិហារ។

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ អុល ស៊ីម ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី នៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត វេលាព្រឹកថ្ងៃទី២៥មិថុនានេះ ស្រាប់តែត្រាក់ទ័ររបស់គាត់ បានកិនលើគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះឡើងក្នុងពេលនោះ។ អ្នកបើកត្រាក់ទ័របានរងរបួសបែកក្បាលជង្គង់ និងរបួសតាមដងខ្លួន និងកំពុងទទួលការជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។

ខេត្តព្រះវិហារ គឺជាខេត្តជាប់ព្រំដែនមួយ ដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់នៅក្នុងដី។

យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រជាជនរងគ្រោះ ដោយសារគ្រាប់មីន មានសរុបចំនួន ៦ម៉ឺន ៥ពាន់ និង ៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់។

កម្ពុជា គ្រោងនឹងប្រកាសជាប្រទេសដែលអស់គ្រាប់មីនសេសសល់ក្នុងដីទាំងស្រុង ក្នុងឆ្នាំ២០២៥។ ខេត្តព្រះវិហារ និងខេត្ត៦ដទៃទៀត រួមមាន ខេត្ដកោះកុង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្តរមានជ័យ គឺជាខេត្តចុងក្រោយ ដែលមិនទាន់បានប្រកាសជាខេត្តអស់មីននៅឡើយទេ។

ads banner