ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារលើកកម្ពស់​គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីក្នុងរាជធានីភ្នំពេញបែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៨ ក្រុម ចុះដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័ត និង​អ៊ីនធឺណិតនៅក្នុងបុរី ហើយក្នុងពេលតែមួយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេក​ទេសរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីចុះវាស់ស្ទង់សេវានិងស្វែង​រក​ដំណោះ​ស្រាយតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល ការចុះលើកកម្ពស់គុណភាព​សេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ ដែលអប្សរា ទទួលបាន​នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា ក្រោយពីស្វែងរកដំណោះស្រាយ ជាលទ្ធផលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យមានការសាងសង់ “បង្គោលអង់តែនរួម” នៅក្នុងបុរី បានចំនួន ៧៤ បង្គោល ដែលបង្គោលរួមមួយអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន មានន័យថា មានស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ។ សម្រាប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញវិញ ក.ប.ទ. បានជំរុញ​ឱ្យមាន​ការសាង​សង់បន្ថែម “បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ដែលមានស្ថានីយ​អង់តែន​ចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ។

ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ ក.ប.ទ. នៅតែជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជា៖ ១) ពុំមានទីតាំងសមស្របក្នុងការសាងសង់បង្គោលអង់តែនបន្ថែម ២) បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅតាមទីតាំងត្រៀមសម្រាប់សង់បង្គោលអង់តែន ៣) ការប្រើប្រាស់នូវឧបករណ៍បង្កើនកម្លាំង និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) នៅលំនៅឋានរបស់ប្រជាពលរដ្ឋ និងអគារមួយចំនួន ដែលបានធ្វើឱ្យមានការឆ្លងរំខានយ៉ាងខ្លាំងទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ៤) កង្វះខាតក្នុងការសហការពីម្ចាស់ទីតាំងដែលត្រូវសាងសង់បង្គោលអង់តែន និង ៥) ការសម្របសម្រួលបន្ថែមពីអាជ្ញាធរដែនដី ជាមួយប្រជាពលរដ្ឋជាដើម។

ដូចនេះ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក.ប.ទ. សម្រេចចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ បែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៩ ក្រុម ឱ្យចុះសិក្សា ស្វែងយល់ និងប្រមូលព័ត៌មាន នៅតាមបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ ដោយចាប់ផ្ដើមអនុវត្តដំបូងចេញពី ខណ្ឌ ៧ មករា ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយសមស្រប លើការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ឱ្យបានកាន់តែប្រសើរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner