អង់គ្លេសបង្កើតថ្មសាកថាមពលពីខ្យល់រាវ លើកដំបូង

ក្រុមហ៊ុនស្តុកថាមពលអង់គ្លេស Highview Power បានបង្កើតរោងចក្រ ផលិតថ្មថាមពលអគ្គិសនី ចេញពីខ្យល់រាវដំបូងគេនៅចក្រភពអង់គ្លេស។ ថ្មខ្យល់រាវ ឬ liquid air battery ត្រូវបានគេស្គាល់ថាជា ស៊ីឡាំង Cryogenic ជាប្រភេទឃ្លាំងផ្ទុកថាមពលកកើតឡើងវិញ កើតចេញពីខ្យល់បក់ ឬ ពន្លឺថ្ងៃ។ ឃ្លាំងផ្ទុកថ្មីនេះ បញ្ចេញថាមពលអគ្គិសនី តាមតម្រូវការអ្នកប្រើប្រាស់។

ក្រុមហ៊ុន Highview ទទួលបានមូលនិធិ ចំនួនជិត៤០០លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអង់គ្លេសដើម្បីអភិវឌ្ឍន៍ថ្មសាកថាមពលនេះ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ The Next Web។

ការសាងសង់រោងចក្របានចាប់ផ្តើមហើយ នៅក្នុងទីក្រុង Manchester ដោយគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២៦ ហើយក្រុមហ៊ុន Highview Power រំពឹងថា គម្រោងនេះនឹងជួយ បង្កើតការងារបាន ជាង៧០០កន្លែង។ The Next Web បានឲ្យដឹងបន្ថែមថា ពេលសាងសង់រួចរាល់ រោងចក្រមួយនេះ អាចផ្តល់ថាមពលបម្រុង សម្រាប់ប្រើប្រាស់ ដល់ប្រមាណ ៣០ម៉ឺនផ្ទះ ខណៈដែលថ្មប្រភេទនេះ អាចផ្ទុកថាមពលអគ្គិសនីបាន ៣០០មេហ្គាវ៉ាត់ម៉ោង (MWh) ឬ ស្មើនឹង ៣០ម៉ឺន គីឡូវ៉ាត់ម៉ោង។

ការវិនិយោគនេះ រំបឹងថានឹងជួយឲ្យអង់គ្លេសបញ្ឈប់ការប្រើប្រាស់ថាមពលកខ្វក់ ដូចជា ឧស្ម័ន និងធ្យូងថ្ម ជាដើម។ នេះបើតាម The Next Web ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner