ក្រសួងដែនដី នឹងសហការជាមួយប្រៃសណីយ៍កម្ពុជា រៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋដល់ទីលំនៅ
ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍ចំពោះសំណើរកិច្ចសហប្រតិបត្តិការរបស់ប្រៃសណីយ៍កម្ពុជា ជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្ដល់សេវាដឹកជញ្ជូននិងចែកចាយបញ្ញើប្រៃសណីយ៍ ដូចជាលិខិត ឬឯកសារផ្សេងៗជូនប្រជាពលរដ្ឋដល់ទីលំនៅ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សព្វផ្សាយសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ក្នុងជំនួបនេះ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការផ្ដល់សេវានេះ ព្រមទាំងបានឱ្យដឹងថា ប្រៃសណីយ៍កម្ពុជាជាសហគ្រាសរបស់រដ្ឋ ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន ប្រៃសណីយ៍កម្ពុជាបានធ្វើកំណែទម្រង់ដោយងាកមកមើលទីផ្សារក្នុងស្រុក ដែលប្រកបដោយសក្តានុពល ដើម្បីឱ្យការផ្ដល់សេវាកាន់តែមានភាពទូលំទូលាយ និងបង្កើនប្រាក់ចំណូល។ ក្នុងនោះ ប្រៃសណីយ៍កម្ពុជាបានសហការជាមួយស្ថាប័នតុលាការ ដើម្បីផ្ដល់សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការដល់គូភាគីនីមួយៗ និងបានសហការជាមួយអង្គភាពច្រកចេញចូលតែមួយ អភិបាលរាជធានី-ខេត្ត ក្រសួងសាធារណការនិងដឹកជញ្ជូន រួមនិងស្ថាប័នផ្សេងៗទៀតដើម្បីបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសម្រួលក្នុងការបញ្ជូនលិខិតរដ្ឋបាល ឬឯកសារចាំបាច់នានាជូនប្រជាពលរដ្ឋដល់ទីតាំងផ្ទាល់តែម្ដង។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញក្តីរីករាយស្វាគមន៍ និងគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រៃសណីយ៍កម្ពុជាក្នុងកិច្ចដំណើរការរៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗឱ្យបានច្បាស់លាស់ ដែលផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ជូនប្រជាពលរដ្ឋដល់ទីលំនៅ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល មានទំនុកចិត្ត និងភាពរីករាយ ដែលជួយជំរុញឱ្យការផ្ដល់សេវានានាកាន់តែមានភាពរហ័ស និងកាត់បន្ថយការចំណាយ ៕
ដោយ / គ្រី សម្បត្តិ