សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្មនិង របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុក នូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន។

ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់ ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានា បានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

សម្តេចធិបតីបានបន្តទៀតថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។ លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១) ចីរភាពនៃ កម្មវិធី ២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣) ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ច អន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង ៤) ភាពអាចពង្រីកវិសាលភាពនៃ ប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ និងការជំរុញ និងការបង្កើនសុខុមាលភាពនៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្ម ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ចំនួន១៧លើក គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនដែល បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត។

ការប្រារព្ធទិវានេះ បង្ហាញឱ្យឃើញអំពីគុណូបការៈរបស់អតីតយុទ្ធជនក្នុងការលះបង់ ប្ដេជ្ញា និងមាន ឆន្ទៈមោះមុតក្នុងការស្នេហាជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការ ធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ផ្អែកលើគុណបំណាច់ខាងលើ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសការ ដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយយកចិត្តទុក ដាក់ដោះស្រាយជីវភាពតាមរយៈការផ្តល់ ជាថវិកា និងសម្ភារៈជាបន្តបន្ទាប់។ បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់នូវការគាំពារជាបន្ដបន្ទាប់ដល់ អតីតយុទ្ធជន កម្ពុជា ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានលះបង់សម្រាប់មនុស្សជំនាន់ក្រោយ។ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ សរុបមានចំនួន ៥,៥៦៩ខ្នង។

ក្នុងនោះឆ្នាំ២០២៣ បានសាងសង់ផ្ទះ ចំនួន៤៥១ខ្នង, ក្នុងខេត្តកំពង់ចាម ចំនួន១០ខ្នង, ខេត្តកំពង់ឆ្នាំង ចំនួន១០ខ្នង, ខេត្តព្រៃវែង ចំនួន ២០ខ្នង, ខេត្តស្វាយរៀង ចំនួន១២៥ខ្នង, ខេត្តឧត្តរមានជ័យ ចំនួន ១៧៥ខ្នង, ខេត្តត្បូងឃ្មុំ ចំនួន ១០៧ខ្នង, ខេត្តព្រះវិហារ ចំនួន៣ខ្នង និងខេត្តប៉ៃលិន ចំនួន១ខ្នង។ សាលារៀន ១ខ្នង ៦បន្ទប់ (នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត)។ សាលារៀន ១ខ្នង ១២បន្ទប់ អគារទីចាត់ការ ១ខ្នង អគារស្នាក់នៅគ្រូ ១ខ្នង ២០បន្ទប់ អាគារជំងឺទូទៅ ១ខ្នង ១៦បន្ទប់ អគារវះកាត់ ១ខ្នង ៩បន្ទប់ និងអគារស្នាក់នៅពេទ្យ ១ខ្នង ២០បន្ទប់ (នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង) ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner