រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យលោក រស់ សារ៉ុម ធ្វើការផ្លាស់ប្តូរឈ្មោះ “គណបក្សខ្មែរសន្តិភាព”

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យលោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្សខ្មែរសន្តិភាព ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ “គណបក្សខ្មែរសន្តិភាព” ដោយសារឈ្មោះគណបក្សដែលបានស្នើសុំបង្កើតនេះ ធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចឈ្មោះគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ដោយឡែក លោក រស់ សារ៉ុម បានឱ្យដឹងថា “ឈ្មោះផ្លូវការយើងបានត្រៀមរួចយូរមកហើយ គណបក្សនយោបាយថ្មីមួយ នឹងត្រូវបង្កើតឡើងឆាប់ៗ ជាចលនានយោបាយ«ផ្លូវកណ្តាល ស្តាំនិយម កើតចេញពីក្រុមចលនាខ្មែរសន្តិភាព មានបាវចនា ការពារ សមធម៌ វឌ្ឍនភាពសង្គម ធានាការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក រស់ សារ៉ុម តំណាងស្ថាបនិក បានដាក់ពាក្យស្នើសុំបង្កើត “គណបក្សខ្មែរសន្តិភាព” ទៅក្រសួងមហាផ្ទៃ៕
ដោយ៖ពលជ័យ

ads banner