Airbus កាត់បន្ថយគោលដៅចែកចាយយន្តហោះក្នុងឆ្នាំ ២០២៤
ប៉ារីស៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Airbus បាននិយាយកាលពីថ្ងៃចន្ទថា សម្រាប់ឆ្នាំ ២០២៤នេះ ខ្លួននឹងចែកចាយយន្តហោះទៅដល់អតិថិជន តិចជាងការគ្រោងទុកកាលពីមុន ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។
ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងនោះមានទាំងផ្នែកគ្រឿងម៉ាស៊ីន, រចនាសម្ព័ន្ធដែនអាកាស និងគ្រឿងបរិក្ខារកាប៊ីនសម្រាប់យន្តហោះពាណិជ្ជកម្ម។
ក្រុមហ៊ុន Airbus បន្តថា ឥឡូវនេះ ខ្លួនមានបំណងចែកចាយយន្តហោះពាណិជ្ជកម្មប្រហែល ៧៧០គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៤នេះ ធ្លាក់ចុះពីចំនួន ៨០០គ្រឿង ដែលខ្លួនបានព្យាករណ៍កាលពីដើមឆ្នាំ។
ការចែកចាយយន្តហោះ គឺជារឿងសំខាន់សម្រាប់ការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់ Airbus ពីព្រោះក្រុមហ៊ុននេះនឹងទទួលការទូទាត់ប្រាក់ នៅពេលដែលយន្តហោះត្រូវបានផ្ទេរទៅដល់ដៃអតិថិជន។
ក្រៅពីកាត់បន្ថយគោលដៅចែកចាយយន្តហោះ ក្រុមហ៊ុន Airbus ក៏បានកាត់បន្ថយការព្យាករណ៍ពីប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤ នៅត្រឹម ៥.៩ពាន់លានដុល្លារផងដែរ ទាបជាងការព្យាករណ៍ពីមុន ដែលមានចន្លោះពី ៦.៩ ទៅ ៧.៥ពាន់លានដុល្លារ។
ដោយឡែក កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Airbus រកប្រាក់ចំណេញបានចំនួន ៤.៩ពាន់លានដុល្លារ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា