ទំហំពាណិជ្ជកម្មរុស្ស៊ី និងអឺរ៉ុប ធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជិត ២៥ឆ្នាំ

មូស្គូ៖ សារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថ្មីៗនេះ ដោយដកស្រង់ទិន្នន័យរបស់ស្ថាប័នស្ថិតិ Eurostat ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ដោយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងត្រីមាសទី១ គិតត្រឹមចុងខែមេសាឆ្នាំនេះ។

ស្ថិតិបានបង្ហាញថា ពាណិជ្ជកម្មនាំចេញ-នាំចូលរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមករា ឆ្នាំ ២០០០ មកនៅត្រឹម ៦ពាន់លានដុល្លារ។ តួលេខនេះក៏បានកត់សម្គាល់ពីការធ្លាក់ចុះពីមួយខែទៅមួយខែចំនួន ៦ភាគរយ។ ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបក្នុងខែមេសា មានទឹកប្រាក់ជិត ២.៩ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ១៧ភាគរយ តួលេខនេះធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ១៩៩៩។

រីឯការផ្គត់ផ្គង់ទំនិញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ី ដែលភាគច្រើនជាឱសថ និងឧបករណ៍ប្រើប្រាស់បានកើនឡើង ៦ភាគរយ ក្នុងខែមេសា បើធៀបនឹងខែមុន កើនឡើងដល់ ៣.១ពាន់លានដុល្លារ។
ស្ថិតិផ្លូវការបានបង្ហាញថា ក្នុងឆ្នាំ ២០២០ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់រុស្ស៊ី ដែលស្មើនឹងចំនួន ៣៧.៣ភាគរយនៃពាណិជ្ជកម្មទំនិញសរុបរបស់ប្រទេសរុស្ស៊ី។

ទោះជាយ៉ាងនេះក្តី ពាណិជ្ជកម្មទ្វេភាគីបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ដែលជាលទ្ធផលនៃទណ្ឌកម្មដែលដាក់លើរុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិច ជុំវិញសង្គ្រាមអ៊ុយក្រែន។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានអនុវត្តការដាក់ទណ្ឌកម្មជាច្រើនជុំប្រឆាំងនឹងរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិ, ការរឹតបន្តឹងលើវិស័យហិរញ្ញវត្ថុ និងថាមពល, ការហ៊ុមព័ទ្ធពាណិជ្ជកម្ម ក៏ដូចជាវិធានការកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner