គិតត្រឹមព្រឹកថ្ងៃទី២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគ ប្រមាណជិត ៣លានដុល្លារ
(ភ្នំពេញ)៖ ឯកឧត្ដម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជនពីគ្រប់ទិសទី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត បានចូលរួមយ៉ាងផុសផុលក្នុងការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២,៩ លានដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណជាង ២០ម៉ឺន ៤ពាន់នាក់ ។
នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ពុកម៉ែ បងប្អូន ដែល មានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផា កម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ខាងមុខក៏ដោយ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ (ឬប្រមាណ ៤២លានដុល្លារក្នុងមួយឆ្នាំ) ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មពិនិត្យ និងព្យាបាលទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ។
សូមរំលឹកជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានរយៈពេល ពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។ ក្នុងន័យនេះ សប្បុរសជន ដែល មានបំណងចូលរួមនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាង របស់ កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និង ចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមាន ក្នុងរូប ភាពនេះ ៕
ដោយ ង៉ាន់ ទិត្យ