អភិបាលខេត្តកែបស្នើឱ្យមានកិច្ចសហការដើម្បីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន
កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តបានលើកទឹកផងនិងសំណូមពរផងដល់ប្រជាពលរដ្ឋឱ្យមានសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងចាត់វិធានការលើទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទ ការសេពគ្រឿងញៀនក្មេងទំនើង ការជួញដូរមនុស្ស និងសកម្មភាពលួចឆក់ប្លន់ផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នៅសាលាខេត្តកែបឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាអនុវត្តបែបនេះ ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការបង្រ្កាបឱ្យខាងតែបាននូវទីតាំងល្បែងស៊ីសងក្នុងមូលដ្ឋាននោះ។
ក្នុងពិធីនេះដែរឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បាននិយាយថា កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកែប ដើម្បីកំណត់ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ព្រមទាំងបង្កើននិងលើកកម្ពស់ការយល់ដឹងឱ្យទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង៕
ដោយ៖ សិលា សារិន