ក្រុមរថយន្ត Off-Road កម្ពុជា បានលើកទង់ជាតិនៅទីលានប្រណាំង ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ
(ថៃ)៖ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា បានធ្វើដំណើរមកដល់ទីលាន ប្រណាំង The Magnificent Ten 2024 នៅ Grand Prix Motor Park ដោយសុខ និងសុវត្តិភាព ពីខេត្តត្រាត ដោយចំណាយពេលជាង១៣ម៉ោង លើ ចម្ងាយផ្លូវជា៦០០គីឡូម៉ែត្រ និងបានលើកទង់ជាតិកម្ពុជានៅលើខ្លោង ទ្វារចាប់ផ្តើម រួចរាល់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។
លោក វង្ស គឹមហួត និងជាកីឡាករ បានអោយដឹងថា ក្រុមកម្ពុជា បានចាកចេញ ពីរាជធានីភ្នំពេញពីព្រលឹមឆ្ពោះទៅច្រកចាំយាមខេត្តកោះកុង សម្រាកមួយយប់ នៅខេត្តត្រាត និងបន្តដំណើរពីខេត្តត្រាត ឆ្លងកាត់ខេត្តច័ន្ទបូរី ខេត្តរ៉ាក់យ៉ង ខេត្តឈុនបូរី ទីក្រុងប៉ាតាយ៉ា ទីក្រុងបាងកក លើចំងាយផ្លូវសរុបជាង ១០០០គី ឡូម៉ែត្រ ។ កីឡាកររូបនេះ បន្តថា ក្រុមទាំងមូលបានបង្ហាញឆន្ទៈរួមគ្នា សាមគ្គីគ្នា ធ្វើដំណើររហូតដល់គោលដៅ ដោយមិនមានបញ្ហាអ្វីធំដុំទេគ្រាន់តែតាមផ្លូវមាន ភ្លៀងធ្វើ យើងពិបាកក្នុងការបើកបរបន្តិច និងមានបញ្ហាខ្លះៗទៅលើរថយន្ត ក្រុមការងារ។
លោក វង្ស គឹមហួត បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រុមកម្ពុជាមានកីឡាករ និង ក្រុមបច្ចេកទេសសរុប ២៣នាក់ ដោយមានរថយន្តប្រណាំង ៣គ្រឿង និង រថយន្តសេវាមានចំនួន ៧គ្រឿងផ្សេងទៀត ដោយឡែកសម្រាប់កីឡាករបណ្តា ប្រទេសផ្សេងៗ ដូចជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក៏បានធ្វើដំណើរមកដែរ ។
លោក វង្ស គឹមហួត បានបង្ហាញនូវសុទិដ្ឋិនិយមលើក្រុមខ្លួន ចំពោះការត្រៀមខ្លួនយ៉ាងល្អ ទាំងក្រុមកីឡាករ និងក្រុមការងារបច្ចេកទេស ដើម្បីឆ្ពោះទៅការប្រកួតប្រជែង និងដណ្ដើមចំណាត់ថ្នាក់ល្អជូនជាតិ។ លើសពីនេះ លោកក៏បានអរគុណថ្នាក់ដឹកនាំសហព័ន្ធ និងដៃគូឧបត្ថម្ភ ដែលបានគាំទ្រ និងជំរុញលើទឹកចិត្តដល់បេសកកម្មនេះផងដែរ ។
ដោយលែកកីឡាករ ព្រំ រស្មី បញ្ជាក់ថា «នេះជាប្រកួតដ៏ធំប្រចាំឆ្នាំ នៅថៃ ដោយសា រលើកនេះជាការប្រកួតជាក្រុម។ ឆ្លងកាត់តាមការប្រកួតលក្ខណៈឯកត្តជនរបស់កីឡាករកម្ពុជាកន្លងមក យើងមានបទពិសោធន៍ជាច្រើន ពិសេសគឺរថយន្តកម្ពុជាពេលនេះ សុទ្ធតែបានបំពាក់លក្ខណៈបច្ចេកទេសទាន់ស៊េរីទំនើបដូចគេអស់ហើយ ។ ជាទស្សនៈរបស់ខ្ញុំផ្ទាល់ ប្រសិនបើគ្មានឧបសគ្គលើបញ្ហាម៉ាស៊ីនរថយន្តទេនោះ ក្រុមកម្ពុជានឹងអាចដណ្តើមបានចំណាត់ថ្នាក់ល្អ Top 5 ឬអាចដល់ Top 3 ជាក់ជាមិនខាន» ។
គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ គឺមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងម្ចាស់ផ្ទះថៃ ។ សម្រាប់ក្រុមកីឡាករកម្ពុជា មុនឈានដល់ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ កាលពីថ្មីៗ កីឡាករ ព្រំ រស្មី ក៏ទើបទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតនៅខេត្តខាណម និងកីឡាករ វង្ស គឹមហួត ក៏ទើបដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៅខេត្តត្រាត ប្រទេសថៃផងដែរ ៕
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ