អភិបាលខេត្តកំពង់ចាមចុះពិនិត្យករណីសត្វដង្កូវហ្វូងបំផ្លាញស្រូវនៅស្រុកចំការលើ
កំពង់ចាម៖បន្ទាប់ពីចុះពិនិត្យរៀបចំទីតាំងប្រារព្ធទិវា “មច្ឆាជាតិ១ កក្កដា” ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ត អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារបន្តចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់ប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវហ្វូងស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បូង ឃុំជយោ ស្រុកចំការលើ។
ក្នុងសកម្មភាពកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោយពិនិត្យឃើញថា ស្រែស្រូវរបស់ប្រជាកសិករជាច្រើនហិកតាបានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា និង តំណាងក្រសួងកសិកម្ម បានចាត់ឱ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឱ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេង ក្រែងមានករណីនេះកើតឡើងដូចគ្នា ដើម្បីមានវិធានការឱ្យបានទាន់ពេលវេលា៕
ដោយ៖លី ពៅ