ប្រធានក្លិបបឹងកេតនិងអភិបាលខេត្តកំពត មានមហិច្ឆតា ឱ្យកម្ពុជាមានឈ្មោះក្នុងតារាង FIFA World Cup 2038
កំពត៖ប្រធានក្លិបបឹងកេត និងថ្នាក់ដឹកនាំខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាកម្ពុជា បានកំណត់គោលដៅថា កម្ពុជានឹងអាចមានក្រុមកីឡាករចូលរួមប្រកួត FIFA World Cup 2038 ។ដើម្បីសម្រេចគោលដៅនេះទាមទារឱ្យមានការចូលរួមគាំទ្រ លើកទឹកចិត្តពីអាណាព្យាបាល លោកគ្រូអ្នកគ្រូនៅតាមសាលា ឱ្យកុមារស្រឡាញ់ និងលេងកីឡាពីវ័យក្មេងទៅ។
ក្នុងដំណើរទស្សនកិច្ចស្តីអំពីការចូលរួមចំណែក ចែករំលែងបទពិសោធន៍បាល់ទាត់ និងផ្សព្វផ្សាយទេសចរណ៍នានានៅខេត្តកំពត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានកំពតលោកស្រី ពុទ្ធ ធិតា ប្រធានក្លិបបាល់ទាត់បឹងកេតបានឱ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាលទាត់ ជារៀងរាល់ឆ្នាំ ពេលចប់រដូវកាលនៃការប្រកួត ក្លិបបឹងកេតតែងតែចុះចែករំលែកបទពិសោធន៍បច្ចេកទេសលេងបាល់ទាត់ ដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដើម្បីឱ្យសិស្សនុសិស្សបានជួប និងរៀនសូត្រពីរៀមច្បងដែលជាកីឡាករអាជីព និងជួយលើកទឹកចិត្តឱ្យពួកគេហ៊ានបណ្តុះក្តីស្រមៃ ក្លាយជាកីឡាករអាជីព ទៅថ្ងៃអនាគតផងដែរ។
លោកស្រីបានបញ្ជាក់ថា ការចុះមកក្នុងពេលនេះ ក៏ជាការចូលរួមចំណែក ក្នុងការឆ្លើយតបតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសហព័ន្ធកីឡាកម្ពុជា ដែលបានកំណត់គោលដៅថា កម្ពុជានឹងអាចចូលរួមការប្រកួតFIFA World Cup 2038 ខាងមុខ។
ទន្ទឹមគ្នានេះលោកស្រីប្រធានក្លិបបឹងកេត បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលស្រឡាញ់វិស័យកីឡា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ហើយហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួន ។
លោក អ៊ឹង ឆាយ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមកីឡាករក្លិបបឹងកេត ដែលបានធ្វើទស្សនកិច្ចចុះចែករំលែកបទពិសោធន៍ និងផ្តល់បច្ចេកទេសបាល់ទាត់ ជូនដល់សិស្សានុសិស្សខេត្តកំពត ទោះជាក្នុងរយៈពេលខ្លី ប៉ុន្តែវាបានជំរុញលើកទឹកចិត្តដល់កុមារដែលជាធនធានសំខាន់ ក្នុងការលើកកម្ពស់វិស័យកីឡានិងអប់រំកាយកម្ពុជា ឱ្យកាន់តែអភិវឌ្ឍន៍រីកចម្រើន នឹងឈានទៅសម្រេចគោលដៅចូលរួមក្នុងការប្រកួត FIFA World Cup 2038 ខាងមុខ៕
ដោយ៖ សិលា សារិន