អភិបាលខេត្តស្វាយរៀងណែនាំមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូង
ស្វាយរៀង៖ ក្នុងចំណោមទិសដៅមួយចំនួនក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានណែនាំដល់មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូងដែលបំផ្លាញស្រូវ និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយត្រូវចុះពិនិត្យ និងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន។ក្នុងនោះអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋត្រូវតែលើកយកមកធ្វើការដោះស្រាយមិនត្រូវទុកចោលឡើយ។មន្ទីរធនធានទឹកនឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះអោយបានជាប់ជាប្រចាំ។
ឯកឧត្តមបន្តថា មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវមានចលនាបំផុសស្មារតី និងសកម្មភាពដាំដើមឈើឱ្យបានច្រើន នៅតាមបណ្តោយផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឬទីតាំងផ្សេងៗដែលអាចដាំបាន។អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
ឯកឧត្តមបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។ អាជ្ញាធរក្រុង-ស្រុក និងមូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់៕
ដោយ៖នុត នាង