នាយករដ្ឋមន្ត្រី អំពាវនាវឱ្យភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ នៃគ្រឿ ង ញៀន
(ភ្នំពេញ)៖ ក្នុងសារលិខិត នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន» និងលើកទឹកចិត្តវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយនិងអប់រំ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។
សម្តេចធិបតី ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និង ធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍ ។
សម្តេចធិបតី ឱ្យបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធ នឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។
សម្តេចធិបតី បានណែនាំឱ្យ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវឈរលើស្មារតី «៣ កុំ និង ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំនេះ សម្តេចធិបតី បានលើកទឹកចិត្ត មាតាបិតា និងអាណាព្យាបាល ដែលមានសមាជិកគ្រួសារ ជាអ្នកញៀនគ្រឿងញៀន និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ត្រីជាអ្នកញៀនគ្រឿងញៀន និងត្រូវបានបណ្ដេញ ចេញពីក្របខ័ណ្ឌ ឱ្យទៅទទួលការបន្សាប ព្យាបាល និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្ម ចូលក្នុងសង្គមវិញ។
ជាមួយគ្នានោះគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដោយអនុវត្តតាមភារកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីម្ចាស់ការអនុវត្តតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
យោងតាមរបាយការណ៍ស្តីពី ស្ថានភាពគ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថានិន្នាការនៃការដាំដុះ ការផលិត ការចរាចរ និង ការជួញដូរគ្រឿងញៀនទាំងនៅក្នុង និងក្រៅតំបន់មិនទាន់មានការថយចុះឡើយ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើន ពាន់ករណីត្រូវបានបង្ក្រាប ចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ចូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕
ដោយ ៖ វណ្ណលុក