បណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំ ដើម្បីយកចំណេះដឹង​ទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ

(កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំ ដើម្បីយកចំណេះដឹងទៅបំរើប្រយោជន៍ អង្គភាព និងសង្គមជាតិ ។

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ការពារ ទប់ទល់បាតុកម្ម ដែលមានសិក្ខាកាមសរុប ១៨១នាក់ មកពី ៣នាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។

ឧត្តមសេនីយ៍ទោ ហុង ណារ៉ុង នាយកសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបញ្ជាក់អំពីដំណើរការ និងលទ្ធផល នៃការបណ្តុះបណ្តាល ព្រមទាំងលើកឡើង អំពីសារៈសំខាន់ និងគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ លើការបំប៉នសមត្ថភាពជំនាញបន្ថែមដល់មន្ត្រីនគរបាលជាតិ ដែលទទួលបន្ទុកការងារ ការពារទប់ទល់បាតុកម្ម ឱ្យមានជំនាញវិជ្ជាជីវៈកាន់តែល្អប្រសើរ មានស្មារតីទទួលខុសត្រូវលើការងារ គោរពច្បាប់ គោរពសិទ្ធិមនុស្ស មានអាកប្បកិរិយាល្អ និងបំពេញការងារជូនអង្គភាពប្រកបដោយប្រសិទ្ធភាព ក្នុងការការពារសុវត្ថិភាពសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលា នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបើក វគ្គបណ្តុះបណ្តាលនេះ រហូតទទួលបានលទ្ធផលជោគជ័យ តាមផែនការកំណត់ ព្រមទាំងបានកសាងស្នាដៃ និងសិមិទ្ធផលជាច្រើន និងបានកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ជាបន្តបន្ទាប់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹង សមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន បម្រើជាតិ និងប្រជាពលរដ្ឋ បានល្អប្រសើរ និងប្រកបដោយ ប្រសិទ្ធភាព។

ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង ជំនាញ ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាព ដល់អង្គភាពរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ លើការងារគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពឋានានុក្រមការងារ គោរពតាមការ ចាត់តាំងរបស់ ថ្នាក់លើ និងមានភាពស្មោះត្រង់ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្ត លើសមត្ថភាពការងាររបស់ខ្លួន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើភារកិច្ចដែលថ្នាក់លើប្រគល់ជូន ត្រូវធ្វើស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍពង្រឹងចំណេះដឹង របស់ខ្លួន ក្នុងគោលដៅ លើកកម្ពស់ប្រសិទ្ធភាពការងារ បទពិសោធន៍ការងារ ត្រូវមានអាកប្បកិរិយា និងឥរិយាបថល្អ ទាំងក្នុងការបំពេញការងារ និងក្នុងសង្គម ជាពិសេស ជាមួយប្រជាពលរដ្ឋ ពោលគឺ អស់លោក ត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងនាម ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ខេត្តកំពង់ស្ពឺ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner