រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នាសាលប្រជុំសាលាខេត្តបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោមប្រធានបទ “សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានឡើងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង ”។សារបញ្ជាក់ថា កម្ពុជានៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល។
ឯកឧត្តមអភិបាលបន្តដោយរំលឹកថា ជាមួយនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុងនូវរាល់ បទល្មើស ជួញដូរ ប្រើ ប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្ត ទីសប្បាយដ្ឋាននានា ក្នុង ដែន សមត្ថកិច្ច របស់ខ្លួនមុនដំណាច់ឆ្នាំ២០២៤ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហើយការអនុវត្តដាក់ទោសទណ្ឌធ្វើទៅតាមច្បាប់ជាធរមាន៕
ដោយ៖ឃិន គន្ធា