ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្តើរ និងកម្រាលជុំវិញដំបូលទទឹករបស់ប្រាសាទនាគព័ន្ធ

ភ្នំពេញ៖ចាប់ពីខែឧសភាមក ក្រុមអ្នកបច្ចេកទេសនាយកដ្ឋាន​អភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបាន​អនុវត្ត​គម្រោងជួសជុលជណ្ដើរ និងកម្រាល ជុំវិញដំបូលទ​បង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទ​នាគព័ន្ធ ដែល​រងការខូចខាតធ្ងន់ធ្ងរ ឱ្យប្រសើរឡើងវិញ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះបានអប្សរាជាតិអប្សរា​បានឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែ​ឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយ​ចំនួន​ដូចជា ការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះ​ខាងកើត និងកម្រាល​ជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាល​ជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុល​ជណ្តើរខាង​កើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរ​ទឹកខាងលិច។

លោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបាន​បញ្ជាក់ថា បច្ចុប្បន្នជណ្ដើរ មានការបាក់ស្រុត ដោយ​សារកត្តាអាយុ​កាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ព័ន្ធសំណង់រងការពុកផុយ ។ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរ​បាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពី​លើកម្រាល​ចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។

លោក សារិទ្ធ បញ្ជាក់ទៀតថាវិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោម​ខ្លាំងតែប៉ុណ្ណោះ។ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំ​ជណ្តើរ និងកម្រាលឡើងវិញ។

តាមឯកសារបង្ហាញថា ប្រាសាទនាគព័ន្ធ ត្រូវបានសាង​សង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយ​ព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបាន​សាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមាន​ស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយ​រៀបចំឱ្យមាន ជាសញ្ញាលេខ​បូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់​ជាតំណាងឱ្យ​ធាតុទាំង ៤ គឺ ធាតុដីតំណាង​ដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិត​នៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែង​បាត់បង់​នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យ​ឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឱ្យអ្នក​ជំងឺនោះទៅ​ទទួល​​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner