រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដាក់ទោសឈ្មោះ ស្រី ស៊ីណា ម៉ឺងម៉ាត់បំផុត និងស្នើសុំដាក់ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចលើកលែងទោស ឬបន្ធូបន្ថយទោសបាន
(ភ្នំពេញ)៖ ចំពោះមុខឃាតកម្មដ៏សាហាវដែលបានផ្តាច់ជីវិតមនុស្សដល់ទៅ ២នាក់ និងបង្ករបួសមនុស្សពីរនាក់ផ្សេងទៀតពិតណាស់ច្បាប់នឹងដាក់ទោសយ៉ាងម៉ឺងម៉ាត់បំផុត មិនអាចឱ្យរួចខ្លួនជាដាច់ខាត ហើយក៏គ្មានការបន្ទូបន្ថយក្នុងទម្រង់ណាមួយឡើយ ។
ជាមួយគ្នានេះក្រសួងនឹងសុំស្នើសុំដាក់ឈ្មោះស្រី ស៊ីណាទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលជាឧក្រិដ្ឋជនសាហាវមិនអាចស្នើសុំ បន្ធូរ បន្ថយ និងលើកលែងទោសបានឡើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
បញ្ជាក់ក្នុង សន្នីសីទសារព័ត៌មានរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ បានថ្លែងថាក្នុងនាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្ម ការជាតិដើម្បីវាយតម្លៃ ដើម្បីពិនិត្យ ឈ្មោះ ទណ្ឌិតបន្ធូរបន្ថយទោស និងលើកលែងទោសនឹងស្នើ សុំគណៈកម្មការដាក់ឈ្មោះស្រី ស៊ីណា ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលយកការស្នើសុំការបន្ធូរបន្ថយ និងលើកលែង ទោសនិងលើកលែងទោសបានឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានញ្ជាក់ដែរថាក្នុងសំណុំរឿងមួយនេះតំណាងអយ្យការសាលាដំបូងរាជធានីភ្នំ បានសម្រេចធ្វើការបំបែកសំណុំរឿងនេះជា២ដើម្បីផ្តន្ទាទោសជននេះ(ស្រី ស៊ីណា)ឱ្យទទួលទោសដល់អតិប្បរមា ដែលសំណុំរឿងនីមួយៗ នឹងត្រូវរងនឹងការផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់១៥ ឆ្នាំ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំតុលាការ ៖ ទី១ គឺកុំបញ្ចូលសំណុំ រឿងនេះទៅជាសំណុំរឿងតែមួយ ទី២ស្នើសុំទៅតុលាការគ្រ ប់ជាន់ថ្នាក់សូមកុំអនុវត្តវិធាន ស្រូបទោស ដោយយកវិធានការបូកទោសវិញដើម្បីឱ្យជននេះទទួលទោសច្រើនឆ្នាំពោលគឺប្រមាណ៣០ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថាអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាជនដៃដល់រូបនេះត្រូវអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់២សំណុំរឿងគឺ«មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់» ។ ការសម្រេចនេះធ្វើឡើង ក្រោយអតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។
ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹង បានត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ។ ការបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ស្រី ស៉ីណា ធ្វើតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េងលីមហួត