ទីភ្នាក់ងារជាតិមុខរបរ និងការងារ បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៥៤កន្លែង ដល់យុវជន

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុប ៤៥៤ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។

ក្រុមហ៊ុនធំៗទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យមកម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។

លោកស្រី ជូន រតនា មានតួនាទីជា Junior Executive Recruitment របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លើកឡើងថា ណាហ្គាវើលដ៍ ពិតជារីករាយក្នុងការសហការជាមួយ NEA ក្នុងការជ្រើសរើសរើសបុគ្គលិកកន្លងមកដោយសារអាចជ្រើសរើសបាននូវបេក្ខជនល្អៗ និងមានសមត្ថភាពសម្រាប់ក្រុមហ៊ុន។ ដូច្នេះ ប្រសិនបើ យុវជន សិស្ស/និស្សិតមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចនឹកឃើញដល់ NEA មុនគេ ព្រោះ NEA ជាកន្លែងដែលប្រមូលផ្តុំព័ត៌មានឱកាសការងារយ៉ាងសំបូរបែប។

លោកស្រី បានអំពាវនាវចំពោះយុវជនដែលចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមតាមដានទំព័រ Facebook ឬ Telegram Channel របស់ NEA និង កុំភ្លេចមកចូលរួមនៅវេទិការងារការងារនាថ្ងៃទី២៧ ខាងមុខនេះឱ្យបានច្រើនកុះករ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ NEA តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner