អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រតិបត្តិការនៅដើមឆ្នាំ២០២៥ ដោយផ្ដល់​សិទ្ធិឱ្យក្រុមហ៊ុនបារាំង លក់ទំនិញរួចពន្ធ និងសេវាកម្មម្ហូបអាហារ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកប្រតិបត្តិការនៅដើមឆ្នាំ២០២៥ ដោយផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង លក់ទំនិញរួចពន្ធ និងសេវាកម្មម្ហូបអាហារ ដែលពុំធ្លាប់មាននៅកម្ពុជា រយៈពេល ១២ឆ្នាំ ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.“CAIC”) ក្នុងឱកាសនៃពិធីចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ ជាមួយក្រុមហ៊ុនបារាំង ឡាហ្គាឌែរ ត្រាវែល រឺឆែល អេស អេ អេ ស (Lagardère Travel Retail SAS) និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចសន្យានេះ បានឆ្លុះបញ្ចាំងពីជោគជ័យដ៏ធំមួយក្នុងការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៥ ។

កិច្ចសន្យានេះ ផ្តោតលើគំរូនៃការបែងចែកប្រាក់ចំណេញ ដែលនឹងផ្លាស់ប្តូរនូវបរិបទនៃឧស្សាហកម្មផ្តល់សេវាលក់ ទំនិញក្នុងវិស័យទេសចរណ៍។ គំរូនៃការបែងចែកប្រាក់ចំណេញនេះ បង្កើតបាននូវភាពជាដៃគូពិតប្រាកដរវាង ប្រតិបត្តិករ និងអាកាសយានដ្ឋាន ដែលបង្ហាញពីផ្នត់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន CAIC ដែលជាប្រតិបត្តិករដំបូងគេនៅក្នុងតំបន់ដែលបានអនុវត្ត។ ភាពបន់បែននៃកិច្ចសន្យារយៈពេល ១២ឆ្នាំនេះ នឹងជួយសម្រួលដល់ការសាកល្បងនៃការផ្តល់ជូននូវបច្ចេកវិទ្យា ផលិតផល និងម៉ាកយីហោថ្មីៗផងដែរ ។

ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា ការចុះកិច្ចសន្យានេះជាមួយក្រុមហ៊ុន Lagardère Travel Retail SAS និង HSC Group បានបង្ហាញពីទំនុកចិត្ត ចក្ខុវិស័យ និងការប្តេជ្ញាចិត្តដូចគ្នាជាមួយនឹងក្រុមហ៊ុន CAIC ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មី ទំនើប លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ។ កិច្ចសហការនេះ នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោព្រមទាំងផ្តល់ជូននូវបទពិសោធន៍ ថ្មីនៃការផ្តល់សេវាលក់ទំនិញ និងអាហារដល់អ្នកដំណើរផងដែរ ។

អ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី ។ អ្នកស្រី ជឿជាក់ថា ការប្តេជ្ញាចិត្តរបស់ក្រុមការងារ នឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិតទៀត ។

គួរបញ្ជាក់ដែរថា គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុន CAIC បានវិនិយោគទុនប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណាក់កាលដំបូងនៃគម្រោងអាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៧៨% ដោយមានបុគ្គលិក និងកម្មករប្រមាណជាង ១៧,០០០នាក់កំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើគម្រោងនេះ ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នេះ សាងសង់ឡើងលំដាប់ថ្នាក់ 4F ដែលនឹងពង្រីកការតភ្ជាប់ផ្លូវអាកាសកម្ពុជា ទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសអាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ, បាន ៣០លាននាក់ នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន ៥០លាននាក់នៅ ឆ្នាំ២០៥០ខាងមុខ ។

សូមជម្រាបជូនថា ក្រុមហ៊ុន CAIC មានគោលបំណងកែលម្អនូវទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិនាពេលអនាគតរបស់កម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន ៣៤ ដោយការវិនិយោគខ្នាតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។

ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន ៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើប និងភោជនីយដ្ឋាន ហាងផ្តល់សេវាកម្មម្ហូបអាហារដែលពុំធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរ សម័យថ្មី។ អ្នកដំណើរនឹងអាចទទួលបាននូវបទពិសោធន៍ថ្មីពីហាង Aelia Duty Free ដែលផ្តល់ជូននូវជម្រើសនៃម៉ាកយីហោចម្រុះនៅកម្ពុជា ហាងកាហ្វេ EL&N ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ការថតរូប បង្ហោះក្នុងបណ្តាញសង្គមជាពិសេស Instagram ភោជនីយដ្ឋានប្រណិត Le Connoisseur និងអាហារដ្ឋាន Marché Food Hall ជាដើម ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner