ក្រសួងយុត្តិធម៌ នឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ដើម្បីបន្ថែមស្ថានភាពទម្ងន់ទោសដល់ឧក្រិដ្ឋជនដែលសម្លាប់មនុស្សបែបកាចសាហាវ និងព្រៃផ្សៃ

ភ្នំពេញ៖ ដោយសារតែឃើញថាក្រមព្រហ្មទណ្ឌនាពេលបច្ចុប្បន្នមានស្ថានភាពទោស និងការដាក់ទោសទណ្ឌដល់ឧក្រិដ្ឋជនដែលបានសម្លាប់មនុស្សនៅមានកម្រិតស្រាលពោលគឺករណីឃាតកម្មមិនបានគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម ១៥ឆ្នាំប៉ុណ្ណោះនោះក្រសួងយុត្តិធម៌នឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ ដើម្បីបន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលមានលក្ខណៈកាចសាហាវសម្លាប់មនុស្សមិនញញើតដៃ ។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣កន្លងទៅ បានធ្វើការសម្រេចចិត្ត ក្នុងការធ្វើវិសោធនកម្មក្រមទាំង២នេះឡើងវិញ ពោលគឺទាំងក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌ ។ ការធ្វើវិសោធនកម្មដើម្បីបំពេញនូវចំណុចខ្វះខាត ហើយអ្វីដែលសំខាន់គឺដើម្បីកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តិនៃសង្គម តម្រូវការរបស់សង្គម ដើម្បីដល់សន្តិសុខ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គមផងដែរ ។

ឯកឧត្តម កើត រិទ្ធ បានថ្លែងដោយបញ្ជាក់ដែរថាគណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដើម្បីធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្ស ក្នុងនេះដូចជាក្នុងករណីឈ្មោះ ស្រី ស៊ីណាសម្លាប់មនុស្សថ្មីៗមកនេះជាដើម ។

បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់នោះគឺការធ្វើ វិសោធនកម្មក្រមព្រហ្មទណ្ឌនេះនឹងបញ្ចប់ក្នុងកម្រិតបច្ចេកទេស នៅចុងឆ្នាំ២០២៤នេះ ហើយនៅពេលក្រមនេះចេញនោះ សម្រាប់ការកំណត់ទោស គឺនឹងលើសអ្វីដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ពោលមិនក្រោម ១៥ឆ្នាំនោះឡើយ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះដែរធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលថាការដាក់បទចោទប្រកាន់ទៅលើបុគ្គលឈ្មោះស្រីស៊ីណាបានសម្លាប់មនុស្ស ២នាក់ ហើយអាចមានទោសត្រឹមកម្រិតតែពី ១០ទៅ ១៥ឆ្នាំគឺជាការដាក់ទោសមួយក្នុងកម្រិតស្រាលមិនសក្តិសមទៅនឹងទោសជននេះបានប្រព្រឹត្តិ ។

ជុំវិញបញ្ហានេះ ឯកឧត្តម កើត រិទ្ធ បានធ្វើការពន្យល់ម្តងហើយម្តងទៀត ថា”បើច្បាប់របស់យើងចែងថាការសម្លាប់មនុស្សចាប់ពី២នាក់ទៅនឹងត្រូវជាប់ពន្ធនាគារពី ១៥ទៅ ៣០ឆ្នាំយើងនឹងអនុវត្តទៅតាមច្បាប់ហើយ ប៉ុន្តែច្បាប់ក្រមព្រហ្មទណ្ឌអន្តរកាលយើងចែងមកត្រឹមពី ១០ទៅ ១៥ឆ្នាំប៉ុណ្ណោះ។ក្រមនេះយើងសង្កេតឃើញថានៅចន្លោះប្រហោង ក្នុងនេះមានទាំងបញ្ហាស្រូបទោសជាដើមដែលជាក្រមមួយទោសធំស្រូបយកទោសតូចៗធ្វើឱ្យកម្រិតជាប់ទោសនឹងថយតិចចុះ”។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងថាបើយោងតាមច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យអ៊ុនតាក់វិញក្នុងមាត្រា ៣១ និង ៣២បានចែងថាជនណាដែលសម្លាប់មនុស្សដោយចេតនា ឬជនណាមួយទៀតដែលប៉ុនបងសម្លាប់ជនណាមួយទៀតដោយចេតនាត្រូវជាប់ទោសពីបទឧក្រិដសម្លាប់មនុស្សដោយចេតនាត្រូវដាក់ពីបទឧក្រិដ្ឋពី១០-១៥ឆ្នាំ ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងដោយបញ្ជាក់ថា៖”បើយើងដាក់ទោសជនល្មើសណាមួយទៅតាមអារម្មណ៍ដោយមិនបានមើលទៅលើអង្គហេតុ ភស្ថុតាងនៃច្បាប់ នោះជាការអនុវច្បាប់ ឬបកស្រាយច្បាប់ទៅតាមអារម្មណ៍ ហើយ ដែលការនេះវានឹងធ្វើឱ្យប៉ះពាល់ដល់គោលការអនុវត្តច្បាប់ពោលគឺគោលការនីត្យានុកូលភាពនៃច្បាប់ដែលជាគោលការគ្រឹះមួយក្នុងច្បាប់ព្រហ្មទណ្ឌ។គោលការនេះមិនមែនចែងនៅកម្ពុជានោះទេ តែវាក៏ចែងក្នុងគោលការនៅអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្ត នៅទូទាំងប្រទេស កាលពីខែធ្នូ ២០១០ ដោយក្រមនេះមានមាត្រាសរុបទាំងអស់ ៦៧២ និងក្រមនីតិវិធីព្រហ្មទណ្ឌវិញមានមាត្រាសរុប ៦១២ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លីមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner