ឯកឧត្តម ជា វ៉ាន់ដេត ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន តាមស្រុក ឃុំត្រូវសហការជាមួយនិង អាជ្ញាធរមូលដ្ឋាន ធ្វើវេទិការសាធារណៈ ដើម្បីឱ្យដឹងថា តាមបណ្តាឃុំ ស្រុក នីមួយៗ មានតម្រូវការ អ្វីខ្លះ ។ ឯកឧត្តម បន្ថែមថា ការស្វែងរកបញ្ហារបស់ប្រជាពលរដ្ឋ ងាយស្រួលដល់ក្រុមការងារចុះមូលដ្ឋានដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង និងបន្តបញ្ជូនបញ្ហាទាំងនោះ ដោះស្រាយទៅតាម មុខសញ្ញា និងតួនាទីភារកិច្ច ជូនពួកគាត់។

ការលើកឡើង ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកកោះអណ្តែត និងស្រុកបុរីជលសារ ខេត្តតាកែវ ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងបន្តថា គ្រប់បញ្ហា គ្រប់ចម្ងល់របស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរ ក៏ដូចជាក្រុមការងារចុះជួយ ឃុំ ស្រុក ត្រូវតែខិតខំដោះស្រាយ ប៉ុន្តែនៅត្រង់ថាបញ្ហាមួយចំនួន ត្រូវមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ គឺមិនអាចថាដោះស្រាយបានគ្រប់គ្នានោះទេ។

ត្រង់ចំណុចនេះ ឯកឧត្តម គូសបញ្ជាក់ថា យើងជាក្រុមការងារ គឺត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ អោយអស់ពីលទ្ធភាព បើមានបញ្ហាគឺត្រូវមានការបញ្ជូនទៅតាមក្រសួងសាមីជួយដោះស្រាយទៅតាមភាពជាក់ស្តែង។ ឯកឧត្តម បន្ថែមថា វេទិការសារធារណៈគឺមានសារៈសំខាន់ណាស់គឺយើងនិងដឹងថាបញ្ហាប្រឈម តាមរយៈរបាយការណ៍ក្រុមការងារចុះជួយមូលដ្ឋាន អាចនិងមានគំនិតជួយដោះស្រាយពួកគាត់បាន ដោយឈរលើស្មារតី សុចរិត ត្រឹមត្រូវ និងតម្លាភាព។

ឯកឧត្តម ក៏បានរំលេចលើកឡើងពីការរីកចម្រើនរបស់សង្គមជាតិ នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសគឺនៅមូលដ្ឋានស្រុកមួយចំនួន នៅក្នុងខេត្តតាកែវនេះ បានកែប្រែមុខមាត់ថ្មី មានទំាងផ្លូវធ្វើណើរ មធ្យោបាយធ្វើដំណើរ ក៏ដូចជាលំនៅដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពសមរម្យ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner