ខេត្តបាត់ដំបងដុតបំផ្លាញគ្រឿងញៀនជាង២០គីឡូក្រាមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បាត់ដំបង៖ គ្រឿងញៀនជាង២០គីឡូក្រាមដែលរឹបអូសបានពីបទល្មើស ត្រូវបានដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(ថ្ងៃទី២៦មិថុនា)នៅខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នៅបរិវេណមុខអគារសាលាខេត្តចាស់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបានបញ្ជាក់ថាថ្ងៃនេះគណៈកម្មការ បានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមដីកាសម្រេចរបស់សាលាដំបូងខេត្តដែលមានគ្រឿងញៀនសរុបទម្ងន់ជាង២២គីឡូក្រាម ក្នុងនោះមាន ប្រភេទមេតំហ្វេតាមីន,កេតាមីន,ម្ស៉ៅថ្លាអ៊ិចស្តាស៊ីនិងឧបករណ៍សម្ភារៈសម្រាប់ផលិតការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ឯកឧត្តម សុខ លូ បន្ថែមថា ការប្រារព្ធនូវទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះជាសារដើម្បីដាស់តឿនធ្វើការក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់និងពីការគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន និងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់តាមរយៈការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្លើយតបនិងស្របតាមទស្សនៈវិស័យត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន។
ឯកឧត្តមបន្តថា បើទោះបីខេត្តបាត់ដំបងទាំងមូលពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយ។ក៏យើងគ្រប់ៗគ្នាត្រូវតែមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀននិងកាត់បន្ថយនូវអត្រាអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិតតិចបំផុតជាអតិបរិមា។លោកបន្តថាដើម្បីសម្រេចឱ្យបាននូវទិសដៅនេះទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់និងអនុវត្ត ៣កុំ ១រាយការណ៍ គឺ “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងនិងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀន៕
( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប. )