រដ្ឋបាលខេត្តកំពង់ចាម ដុតកម្ទេចគ្រឿងញៀនជាងបីគីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ប្រារព្ធនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ក្នុងឱកាសនេះដែរ គ្រឿងញៀនចំនួនជាង៣,៧ គីឡូក្រាមដែលរឹបអូសពីបទល្មើសត្រូវបានដុតកម្ទេចចោល ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។ឯកឧត្តមបានសង្កត់ធ្ងន់ថា នឹងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះហើយក៏គ្មានការអន្តរាគមន៍បានជាដាច់ខាត ។ ផ្ទុយទៅវិញ ឯកឧត្តមនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើរដល់ប្អូនៗក្មួយៗសិស្សានុសិស្សត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រួសារនិងសង្គមជាតិ៕
ដោយ៖លី ពៅ