អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម១០អដ្ឋិធាតុនៅខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍
កំពង់ធំ៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១០អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ ដែលបានរុករកឃើញក្នុងដំណាក់កាលទី២៣ ជំហានទី២ នារដូវប្រាំងឆ្នាំ២០២៣- ២០២៤បានធ្វើមាតុភូមិនិវត្តន៍កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ ទទួលផ្លូវការចូលរួមដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តកំពង់ធំ និងលោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង អនុប្រធានក្រុមការងារឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (កា៧២) តំណាងគណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមបខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងពិធីនេះលោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង បានអរគុណឯកឧត្តមអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី នៅក្នុងខេត្តកំពង់ធំ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបង្កលក្ខណៈងាយស្រួលក្នុងដំណើរការស្រាវជ្រាវជីករុករកគាស់លើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជាវិលត្រឡប់ទៅជួបជុំសាច់ញាតិក្រុមគ្រួសារនៅប្រទេសវៀតណាមវិញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកដោយអរគុណកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវឃោរឃៅ ពីពួកឃាតករប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។លោកបានបញ្ជាក់ថា ក្នុងរយៈពេលជាង២០ឆ្នាំនេះ ខេត្តកំពង់ធំ បានសហការជីករុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ បានចំនួន ១,១៦៤អដ្ឋិធាតុ ។អដ្ឋិធាតុ ដែលជីករុករកឃើញនៅជំហានទី២ ដំណាក់កាលទី២៣ រដូវប្រាំង ឆ្នាំ២០២៣ – ឆ្នាំ២០២៤ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញនៅថ្ងៃនេះ មានចំនួន ១០អដ្ឋិធាតុ៕
ដោយ៖ ប៊ុន រដ្ឋា