រដ្ឋបាលខេត្តបាត់ដំបងប្រកាសតែងតាំង ប្រធាន និងអនុប្រធានថ្មី នៃមន្ទីរពេទ្យបង្អែកខេត្ត
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្ទេរនិងចូលកាន់មុខតំណែង ជាប្រធាន និងអនុប្រធានថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។។
លោក ហាន ឧត្តម ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជំនួស លោក កាក់ សីលា ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង ចំណុះឱ្យរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។លោក កិម សាផាន្នភិរម្យ ក៏ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក្នុងនោះក៏មានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួនប្រាំពីររូបផងដែរ។
ឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវខិតខំពង្រឹងនូវសមត្ថភាពនិងក្រមសីលធម៌សេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈរបស់ខ្លួនផ្តល់ជូនសេវាព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពជឿជាក់និងទំនុកចិត្តពីប្រជាពលរដ្ឋ។
លោក ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងថ្មី ដែលទើបចូលកាន់តំណែង បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងកិច្ចសហការឮល្អជាមួយក្រុមគ្រូពេទ្យទាំងអស់ដើម្បីរួមគ្នាបម្រើសេវាសុខាភិបាលជូនប្រជាជនឱ្យបានកាន់តែល្អកាន់តែប្រសើរ
ឡើង និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)