អំណោយរបស់សម្តេចធិបតីប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេស (Video Inside)

សម្ភារៈពន្លត់អគ្គិភ័យ រួមមានមួក, ស្រោមមុខការពារពន្លឺ, ខោអាវ ស្រោមដៃ ស្បែកជើង សម្រាប់ពន្លត់អគ្គិភ័យ, ឧបករណ៍សម្រាប់ដកដង្ហើម, បំពង់អុកស៊ីហ្សែន និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ត្រូវបានប្រគល់កងកម្លាំង៧១១ និងកងកម្លាំង៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេស។

សម្ភារៈសម្រាប់ប្រតិបត្តិការជួយសង្រ្គោះក្នុងករណីមានអគ្គិភ័យ ដែលជាអំណោយរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់តាមរយៈកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងពិធីមួយ នាថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ដោយបានមើលឃើញពីផលលំបាក របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ និងកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការករណីអគ្គិភ័យ មិនថាករណីឆេះលំនៅដ្ឋាន, ឆេះអគារ និងរោងចក្រជាដើមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ជាសម្ភារៈទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះនេះ ជាបន្ថែមទៀត។

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មេបញ្ជាការកងទ័ពជើងគោក ត្រូវរៀបចំផែនការ និងការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងរដូវវស្សាបានមកដល់ ដោយកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីចេញអន្តរាគមន៍ក្នុងករណីមានគ្រោះមហន្តរាយនានា មិនថាទាំងគ្រោះអគ្គិភ័យ ឬទឹកជំនន់ឡើយ៕

ads banner